ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។
ការស្នើបែបនេះធ្វើក្នុងឱកាសដែលឯកអគ្គរាជទូតជប៉ុន ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលឯកឧត្តមជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជានិងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះ ជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។
ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន បានឯកភាពចំពោះឯកឧត្តមរដ្ឋមន្ត្រីថា លោកនឹងបន្តខិតខំដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។
គួរបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧ពាន់នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនជិត២ម៉ឺននាក់ ក្នុងរយៈពេលដូចគ្នា។
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ