ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្មីៗនេះក្រុមអ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យានៅប្រទេសអេស្ប៉ាញបានរកឃើញឆ្អឹងហ្វូស៊ីលរបស់សត្វគន្ធាយសមុទ្រដ៏ធំមួយជាលើកដំបូងដែលមានទំហំប៉ុនរថយន្តតូចមួយគ្រឿងនៅឆ្នេរសមុទ្រនៃប្រជុំកោះដែលបង្កើតបានជាទ្វីបអឺរ៉ុបកាលពី ៨៣ លានឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវបានពិពណ៌នាពីឆ្អឹងសត្វគន្ធាយដែលត្រូវបានរកឃើញនៅភាគឦសានប្រទេសអេស្ប៉ាញនេះថាជាប្រភេទគន្ធាយយក្សមួយប្រភេទដែលមានប្រវែងប្រហែល ៣ ម៉ែត្រ ៧ តឹក មានទម្ងន់ជិត ២ តោន និងរស់នៅក្នុងអំឡុងពេលជំពូកសត្វដាយណូស័រចុងក្រោយ ហើយវាជាសត្វគន្ធាយដែលល្បីជាងគេនៅអឺរ៉ុប។
លោក អេនជែល ហ្គូឡូបាត (Angel Golobart) បម្រើការងារនៅវិទ្យាស្ថាន ICP ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យមួយនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញបាននិយាយថា វាជាគន្ធាយដ៏ធំបំផុតដែលត្រូវបានរកឃើញនៅក្នុងទ្វីបអឺរ៉ុបចាប់ពីសម័យនោះមក។
អ្នកស្រាវជ្រាវរូបនេះបានបន្ថែមថា វាពិតជាល្អណាស់ដែលគេបានឃើញឆ្អឹងគន្ធាយយក្សមានទំហំប៉ុនរថយន្តបែបនេះ។
សត្វល្មូនសមុទ្រដ៏ធំដែលមានថ្គាមរឹងខ្លាំងនេះត្រូវបានគេហៅថា ម៉ូសាសួស (Mosasaurs) ហើយវាគឺជាសត្វមំសាសីដ៏ធំបំផុតដែលខ្លះមានប្រវែងលើសពី ១៥ ម៉ែត្រទៅទៀត សូម្បីតែត្រីឆ្លាម និងសត្វធំៗផ្សេងៗទៀតដែលស៊ីត្រីជាអាហារនោះក៏លាក់ខ្លួនខ្លាចគន្ធាយយក្សនេះដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងហ្វូស៊ីលរបស់គន្ធាយសមុទ្រយក្សនេះនៅជិតភូមិមួយនៅតំបន់ កាតាឡូនី (Catalonia) បន្ទាប់ពីអ្នកដើរលេងភ្នំបានប្រទះឃើញឆ្អឹងហ្វូស៊ីលនេះលេចចេញពីក្នុងដី ហើយរហូតមកដល់បច្ចុប្បន្ននេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញកំណាត់ឆ្អឹកខ្លះរបស់គន្ធាយយក្សនេះគឺភាគច្រើនឆ្អឹងក្រវាត់អាងត្រគាករបស់សត្វនេះប៉ុន្តែមិនឃើញក្បាល កន្ទុយ ឬអវយវៈនោះទេ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន