ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Kris Wu រងការពិន័យ៨៤លានដុល្លារពីបទគេចពន្ធ ក្រោយត្រូវជាប់ពន្ធនាគារ១៣ឆ្នាំ

២៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 

តារាចម្រៀងនិងសម្ដែងដ៏ល្បីក្នុងប្រទេសចិន Kris Wu (គ្រីស វូ) បានរងការពិន័យជាទឹកប្រាក់ប្រមាណជិត ៨៤លានដុល្លារពីបទគេចពន្ធ ក្នុងថ្ងៃតែមួយក្រោយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំពីបទឧក្រិដ្ឋកម្មផ្លូវភេទ។

 


តារាចម្រៀងវ័យ ៣២ឆ្នាំដែលមានឈ្មោះពិត Wu Yifan (វូ អ៊ីហ្វាន) ត្រូវបានសេវាពន្ធក្រុងប៉េកាំងបញ្ជាឱ្យបង់ប្រាក់ចំនួនប្រហែល ៨៣,៦លានដុល្លារ ចំពោះការលាក់បាំងពីប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសពាក់ព័ន្ធពន្ធផ្សេងទៀត។ អាជ្ញាធរបាននិយាយថា Kris Wu (គ្រីស វូ) បានលាក់បាំងពីប្រាក់ចំណូលរបស់ខ្លួនតាមរយៈសហគ្រាសពាក់ព័ន្ធក្នុងស្រុក និងបរទេស ដោយគេចចេញពីពន្ធចំនួនប្រហែល ១៣,២លានដុល្លារ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

 

 

ការផាកពិន័យនេះកើតមានឡើង ក្រោយរយៈពេលពីរម៉ោង ដែលព Kris Wu (គ្រីស វ៉ូ) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទរំលោភស្ត្រីបីនាក់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០ នៅពេលដែលស្ត្រីទាំងបីរូបស្ថិតក្រោមស្ថានភាពស្រវឹង។

 

 

Kris Wu (គ្រីស វ៉ូ) ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ "ប្រមូលផ្តុំហ្វូងមនុស្សដើម្បីរួមភេទ" កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឧប្បត្តិហេតុដែលកើតឡើងនៅគេហដ្ឋានរបស់គាត់ និងមានពាក់ព័ន្ធនឹងស្ត្រីពីររូប។

 

 

ចំពោះការរំលោភសេពសន្ថវៈ និងការប្រមូលផ្តុំហ្វូងមនុស្សដើម្បីចូលរួមក្នុងសកម្មភាពមិនសមរម្យនេះ តុលាការបានកាត់ទោសឱ្យ Kris ជាប់ពន្ធនាគារសរុបចំនួន១៣ ឆ្នាំ។

 

 

កើតនៅទីក្រុងក្វាងចូវ ប្រទេសចិន Kris Wu (គ្រីស វូ) ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពនៅពេលដែលបានក្លាយជាសមាជិកនៃក្រុមចម្រៀងខេប៉ុប EXO (អ៊ិចសូ)។ ក្នុងឆ្នាំ២០១៤ រូបគេបានចាកចេញពីក្រុម ហើយចាប់ផ្តើមអាជីពជាតារាទោលនៅប្រទេសចិន៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024