ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម បន្តខិតខំបើកច្រកទីផ្សារស្រូវអង្ករ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយប្រទេសជាដៃគូ

២៣ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ 


ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។ 

 


ក្នុងឆ្នាំ២០២២ នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 


ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាមាន រួមនិងការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។

 

 

ជាពិសេសជាមួយប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន គ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថានៅឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារយើងមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន ៤០ម៉ឺនតោន ដែលតាមរយៈអនុស្សរណៈយោគយល់នេះនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន ដែលបានអនុវត្តន៍ សម្រាប់រយៈពេល ១០ខែ គឺកើនបានប្រមាណ ១០% ដែលមានបរិមាណសរុបជាង ៥០ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ ៣២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះប្រទេសចិនគ្របដណ្តប់លើការនាំចេញសរុបជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

 


ហើយបច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

 


គួរបញ្ជាក់ថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសម្រេចបញ្ចេញថវិកាបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូច ស្របពេលអង្ករកម្ពុជា ត្រូវបានឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកទី៥ប្រចាំឆ្នាំ២០២២៕

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024