ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ក្នុងរយៈពេល ១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសប្រមាណ ១៦៨ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើង ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
អ្នកនាំក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា លំហូរវិនិយោគពីបរទេសចូលមកកាន់ ចិន នៅតែបន្តមានកើនឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ដោយការវិនិយោគនៅក្នុងគ្រប់វិស័យ សម្រេចបានជាង ១៦៨ពាន់លានដុល្លារ។
ក្នុងចំណោមនោះ វិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប កើនឡើង ៥៧% ខណៈវិស័យសេវាកម្មបច្ចេកវិទ្យាទំនើប មានកំណើនខ្ពស់ដល់ ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
អំឡុងពេលនេះ ការវិនិយោគដោយផ្ទាល់ពី កូរ៉េខាងត្បូង មានការកើនឡើងខ្លាំងជាងគេបំផុតដល់ទៅ ១០៦% ខណៈប្រទេសអាល្លឺម៉ង់ កើនឡើង ៩៥% ជប៉ុន កើន ៣៦% និងចក្រភពអង់គ្លេសកើនឡើង ៤០%។
បើមើលពីការវិនិយោគក្នុងតំបន់ ការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលទៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសចិន បានកើនឡើង ១២% តំបន់កណ្តាលប្រទេសចិន កើនឡើង ៣៣% និង ២៧%ទៀត នៅតំបន់ភាគខាងលិច។ សូមជម្រាបថា លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសចិន បានកើនឡើង ២០% ដល់កម្រិតខ្ពស់បំផុត ១៧៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ