ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF អះអាងថា ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្នក៏ដោយ ក៏វៀតណាម នៅតែជាប្រទេសលេចធ្លោនៅក្នុងតំបន់ ដែលមានកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់ថា វៀតណាម មានសេដ្ឋកិច្ចបើកចំហ និងរឹងមាំ ដែលនៅតែធន់នឹងជំងឺរាតត្បាតកូវីដ១៩។
លោកស្រី បានបន្ថែមថា ការបន្តបង្កើនល្បឿននៃកំណែទម្រង់រចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង នាំមកនូវកម្លាំងជំរុញថ្មីដល់ សេដ្ឋកិច្ចវៀតណាម។
ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២២នេះ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម បានកើនឡើង ៨% ហើយវាត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ៨% នៅឆ្នាំនេះ ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់បានធ្លាក់ចុះ និងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ប្រធាន IMF សង្ឃឹមថា វៀតណាម នឹងបន្តរួមចំណែកក្នុងរបៀបវារៈសកលនៃ ការផ្លាស់ប្តូរគំរូកំណើន និងធានាខ្សែសង្វាក់ផ្គត់ផ្គង់។យ៉ាងណាក៏ដោយ វៀតណាម ប្រឈមនឹងការលំបាកច្រើន ជាពិសេសគឺ ការធានាសន្តិសុខស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក អត្រាអតិផរណាខ្ពស់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន។
ទោះយ៉ាងណា IMF ប្តេជ្ញាជំរុញការគាំទ្រ និងផ្តល់ដំបូន្មានសម្រាប់វៀតណាម ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច បង្កើតគំរូកំណើន ហើយ IMF ទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នៅឆ្នាំក្រោយផងដែរ។
សូមបន្ថែមថា IMF បានធ្វើការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចប្រទេសវៀតណាម ក្នុងឆ្នាំ ២០២២នេះ អាចនឹងសម្រេចបាន ៧% ខ្ពស់ជាងកំណើនមធ្យមក្នុងតំបន់អាស៊ី៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ