ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥

ត្រីមាសទី៣ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងតំបន់ RCEP មានទំហំទឹកប្រាក់ប្រមាណ២៤ពាន់លានដុល្លារ កើនឡើង១១ភាគរយ

០៣ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

ត្រីមាសទី៣ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងតំបន់ RCEP មានទំហំទឹកប្រាក់ប្រមាណ២៤ពាន់លានដុល្លារ កើនឡើង១១ភាគរយ បន្ទាប់ពីកម្ពុជាបានអនុវត្ដកិច្ចព្រមព្រៀងនេះ បានជិត១ឆ្នាំ ក្រោយចូលជាធរមាន។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

 


RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។

 


ក្រោយពិធីបើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ ក្រោយពីចូលជាធរមាន ក្នុងកិច្ចព្រមព្រៀង អាសិប ក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ការកើនឡើងមានជាលំដាប់ ទៅលើពាណិជ្ជកម្មទំនិញ ហើយមូលហេតុធំមួយ ដែលធ្វើឲ្យពាណិជ្ជកម្មទំនិញ មានការកើនឡើងនោះ ដោយសារប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលកម្ពុជាបាននាំចេញសម្លៀកបំពាក់, ស្បែកជើង, គ្រឿងបន្លាស់, គ្រឿងបង្គុំ, កាបូបធ្វើដំណើរ និងផលិតផលកសិកម្មមួយចំនួន។

 


ឯកឧត្តម ប៉ែន សុវិជាតិ បន្តថា កម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ ហើយកម្ពុជាបានអនុវត្តខ្ជាប់ខ្ជួន ទៅលើវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប, អាមេរិក និងវិធានប្រភពដើមទំនិញរួម សម្រាប់ទីផ្សាររវាងអាស៊ាន និងអាស៊ាន។ឯកឧត្តមបានបញ្ជាក់ថា ទីផ្សារ RCEP មានទីផ្សារធំ៣ ដែលសំខាន់ ដែលគួរឲ្យកត់សម្គាល់ ទី១៖ ទីផ្សារចិន, ទី២៖ ទីផ្សារជប៉ុន និងកូរ៉េ, ទី៣៖ ទីផ្សារអូស្ត្រាលី និងញូវហ្សឺឡែន។

 


ពីដំបូងឡើយ RCEP ជាទម្រង់មួយនៃក្របខណ្ឌកិច្ចព្រមព្រៀង ដែលបង្ហាញនូវសមាហរណកម្មរវាងអាស៊ានខ្លួនឯង ដើម្បីគាំទ្រនូវគោលគំនិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការអនុវត្ដសេដ្ឋកិច្ចរួមគ្នា ការធ្វើវិនិយោគ, ការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តបាននូវការរីកចម្រើនទាំងអស់គ្នា នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល។

 


គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025