ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា គុយបា ប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មអោយបានរឹងមាំបន្ថែម

០៥ តុលា ២០២២ | សេដ្ឋកិច្ច

 

 

នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា បានសន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា។


ក្នុងឱកាសនោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៥៩មក ជាពិសេសទំនាក់ទំនងដ៏ល្អប្រពៃរវាងថ្នាក់ដឹកនាំគុយបា និងសម្តេចព្រះបរមរតនកោដ្ឋ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរ និងដំណើរបំពេញទស្សនាកិច្ចផ្លូវការ នាពេលថ្មីៗនេះ របស់សម្តេចតេជា ហ៊ុន សែន នៅសាធារណរដ្ឋគុយបា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាដែលជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។


លោកនាយករដ្ឋមន្រ្តីគុយបា បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងម៉ាំថែមទៀត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជកម្ម។

 


ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានគាំទ្រឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តអនុវត្តនូវយន្តការដែលមានស្រាប់ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ និងអនុវត្តឱ្យបានពេញលេញនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេច សាយ ឈុំ យល់ថា ប្រទេសទាំងពីរគួរគប្បីខិតខំទាញយកផលប្រយោជន៍ពីសក្តានុពលនៃយន្តការ និងកិច្ចព្រមព្រៀងខាងលើឱ្យបានច្រើនជាអតិបរមា ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

 


សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញតិ្តរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ និងសមាជិកសភានៃសភាប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា រួមមាន៖ សន្និសីទតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ICAP) និងសហភាពអន្តរសភា (IPU)។ តាមរយៈ លោកនាយករដ្ឋមន្រ្តី សម្តេចមានបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងរដ្ឋសភាអំណាចប្រជាជនគុយបា។

 


គួរបញ្ជាក់ថា បើទោះបីកម្ពុជា និងគុយបា ជាមិត្តដ៏ល្អមួយរបស់កម្ពុជាយ៉ាងណាក្តី តែបើក្រឡេកទៅមើលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៅមានកម្រិតតិចតួចនៅឡើយ។ បើយោងតាមរបាយការណ៍ បានបង្ហាញថា នៅឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមជាង ៣៤ម៉ឺនដុល្លារប៉ុណ្ណោះ។ ផលិតផលសំខាន់ៗដែលកម្ពុជា នាំចូលពីគុយបា មានដូចជា៖ បារី ថ្នាំជក់ និងផលិតផលជំនួសថ្នាំជក់ ឱសថ និងស្រា ជាដើម។

 


ឯផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅគុយបា មានដូចជា៖ ស្បែកជើង ស្បែកសត្វ ស្បែកលាយ និងវាយនភ័ណ្ឌ។បើទោះបីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងគុយបា មិនទាន់ល្អប្រសើរ តែប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការ នឹងគ្នាលើវិស័យជាច្រើនផ្សេងទៀត មានដូចជា៖ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល, វិស័យអប់រំ និងកីឡា និង វិស័យកសិកម្ម៕
 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024