ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុអាចទាញចំណូលបានប្រមាណជាង១០ម៉ឺនដុល្លារក្នុង១ថ្ងៃ

០៤ តុលា ២០២២ | សេដ្ឋកិច្ច

 

ជាមធ្យមក្នុង១ថ្ងៃ មានរថយន្តប្រមាណ ៩ពាន់គ្រឿងបើកបរលើផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុ ដែលអាចទាញចំណូលបានប្រមាណជាង១០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដល់ក្រុមហ៊ុនវិនិយោគរបស់ចិន ក្រៅការធ្វើដំណើរសាកល្បងនឹងផុតសុពលភាពនាខែក្រោយនេះ។

 

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតក្នុងថ្ងៃដំបូង ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៩ពាន់ គ្រឿង បាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង ដោយអាចបើកបរសាកល្បងដោយឥតគិតថ្លៃបានរយៈពេល ១ ខែ។បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។


ហើយបើតាមតួលេខជាមធ្យមអាចស្ថិតក្នុងកម្រិតនេះ ក្នុង១ឆ្នាំក្រុមហ៊ុន នឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើបអាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារនៃការវិនិយោគ។ ដោយឡែកនៅថ្ងៃទី២និងថ្ងៃទី៣ កំណើនយានយន្តកើនឡើងដល់៦០% បានធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានយានយន្តប្រមាណ ១ម៉ឺន៤ពាន់គ្រឿងផងដែរ។


បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានផ្តល់កិច្ចសំភាសន៍ជាមួយPNNថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ  ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរ ការដឹកជញ្ជូន មានភាពល្អប្រសើរជាងមុន ការដឹកជញ្ជូនត្រូវចំណាយពេលខ្លី សន្សំសំចៃប្រេង ដែលធ្វើអោយតម្លៃដើមនៃការដឹកជញ្ជូនធ្លាក់ចុះ ។ 

 


គម្រោងនេះ ក៏បានធ្វើអោយខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាននឹងកំពង់ទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកត្តាភូមិសាស្ត្រអំណោយផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែលជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដាសម្រាប់នាំចេញនូវទំនិញទៅកាន់ទីផ្សារក្រៅប្រទេស។

 


លោកបណ្ឌិតបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ បានតភ្ជាប់ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ មកកាន់កំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តពហុបំណងកម្ពុជា ដែលងាយស្រួលដល់ការផ្ទេរទំនេញចេញទៅខេត្តតំបន់ឆ្នេរកម្ពុជាផ្សេងទៀត ដូចជាកំពត កែប និងកោះកុងជាដើម មុននាំចេញទៅក្រៅប្រទេសតាមកំពង់ផែ។

 

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញអោយមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើអោយតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប ។

 


គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១ម៉ឺន៨ពាន់គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024