ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
កាលពីថ្ងៃទី២០ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំក្នុងក្រសួងកសិកម្ម និងអាជ្ញាធររដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការងារនេសាទ និងការអភិវឌ្ឍនានា ក្នុងខេត្តកោះកុង។
ការងារសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្រ្តី និងអ្នកឧកញ៉ា រួមជាមួយថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តបានអញ្ជើញចុះពិនិត្យមាន ២ចំនុចសំខាន់៖
ទី១ ពិនិត្យ និងវាយតម្លៃជារួមលើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យជលផល រួមមាន វារីវប្បកម្ម និងការនេសាទសមុទ្រ ដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាមលក្ខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ក្នុងន័យធ្វើឱ្យប្រសើរឡើង នូវការនេសាទសមុទ្រ ការការពារ និងអភិរក្ស ព្រមទាំងទប់ស្កាត់ការនេសាទខុសច្បាប់ ស្របតាមកម្មវិធីអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព និងបរិយាប័ន ស្តីពី សមាសភាគការនេសាទ (CAPFISH - Capture)។ គម្រោងនេះ ស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប។
ទី២ ពិនិត្យ និងតាមដានអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន SEZ ។
ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកឧកញ៉ា ក៏បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំឧបករណ៍នេសាទ ការជញ្ជូនផលនេសាទឡើងគោក និងការរៀបចំទុកដាក់បង្កកផលនេសាទ នៅកំពង់ផែ លី យ៉ុងផាត់ ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏មមាញឹករបស់កំពង់ផែ ជាពិសេសបងប្អូនប្រជានេសាទ និងកម្មករស្រីប្រុស ដែលមានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ចិញ្ចឹមគ្រួសារ ពុំចាំបាច់ធ្វើចំណាកស្រុកទៅរកការងារនៅបរទេស។
ចំណែកកម្មវិធីទី ២ ប្រតិភូបានអញ្ជើញពិនិត្យសកម្មភាពនេសាទ របស់សហគមន៍នេសាទ ជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ។ តាមផ្លូវទៅកាន់សហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញចូលសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅបញ្ជាការកងការពារកោះលេខ ២ ដែលប្រចាំការលើកោះកុងក្រៅ។ ជាការលើកទឹកចិត្តកងទ័ព ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកឧកញ៉ា បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់នាយទាហាន និងពលទាហាន ដែលប្រចាំការនៅទីតាំងនោះ។
បន្តដំណើរតាមទូកម៉ាស៊ីន មកដល់សហគមន៍នេសាទព្រែកខ្សាច់ ក្រុមការងារបានជួបសំណេះសំណាលជាមួយលោក រៀម រុំ មេឃុំព្រែកខ្សាច់ ដើម្បីស្វែងយល់ពីសកម្មភាពទូទៅ ទាក់ទងនឹងការអភិវឌ្ឍ ការដឹកនាំគ្រប់គ្រងសហគមន៍ ការនេសាទ ទីផ្សារប្រមូលផលនេសាទ ជាពិសេសប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
លោកមេឃុំបានរៀបរាប់ថា សមាជិកសហគមន៍ក្នុងមួយគ្រួសារ អាចរកចំណូលបានពី ១០ម៉ឺនរៀលទៅ ២០ម៉ឺនរៀល ពីការនេសាទ។ ក្រៅពីនោះ ពួកគេទទួលបានការងារពីក្រុមហ៊ុន SEZ ក្នុងចំការស្វាយ និងទុរេន ចំណែកបុរសៗភាគច្រើន បម្រើការក្នុងគម្រោងអភិវឌ្ឍនេះផ្ទាល់ ដោយទទួលការងារជាអ្នកបើកបរ និងកម្មករកំពង់ផែ។ គម្រោងបានជួយកសាងសាលារៀន សាលាឃុំ ផ្លូវថ្នល់ ផ្ទះលោកគ្រូ-អ្នកគ្រូ និងផ្ទះកម្មករ។ ក្រៅពីនេះ គម្រោងដដែលកំពុងកសាងកំពង់ផែទឹកជ្រៅ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មសមុទ្រទៀតផង៕
អត្ថបទ និងរូបភាព៖ ហ៊ុយ ប៊ុនឡេង