ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានចាត់ទុកថា ការវិនយោគរបស់ក្រុមហ៊ុន LYP Group លើវិស័យមួយចំនួនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងក្នុងការខេត្តកោះកុងទាំងមូល ធ្វើអោយការងាររស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង” រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកមិញ។
ពីសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង” រៀបចំឡើងនៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលព្រឹកមិញនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានលើកឡើងថា នៅឆ្នាំ២០២១ខាងមុខនេះ ពលរដ្ឋខេត្តកោះកុងលែងខ្វះខាតទឹកស្អាតប្រើប្រាស់ដូចកន្លងមកទៀតហើយ ដោយបច្ចុប្បន្នការវិនិយោគការផលិត និងចែកចាយទឹកស្អាតនៅខេត្តមាត់សមុទ្រមួយនេះ មានរហូតដល់៣គម្រោង។ ជាពិសេសគម្រោងផលិត និងផ្គត់ផ្គង់ទឹក ដែលវិនិយោគដោយក្រុមហ៊ុន LYP នៅក្រុងខេមរភូមិន្ទ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង មានសមត្ថភាពផលិតទឹករហូត១៨.០០០ម៉ែត្រគីប ទៅ ២០.០០០ម៉ែត្រគីប ក្នុង១ថ្ងៃឯណោះ។
លោកជំទាវបានបញ្ជាក់ជាថ្មីថា ដោយសារកំណើនសេដ្ឋកិច្ចនាឆ្នាំ២០១៨ និង២០១៩ រួមផ្សំនឹងរដូវប្រាំងអូសបន្លាយយូរអង្វែង បានធ្វើអោយជូបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់។ ប៉ុន្តែបន្ទាប់ពីការបើកអោយដំណើរការអាងស្ទាក់ទឹកវិនិយោគដោយក្រុមហ៊ុនខាងលើហើយនោះ ពលរដ្ឋខេត្តកោះកុង នឹងមិនខ្វះទឹកស្អាតប្រើប្រាស់ទៀតទេសម្រាប់ឆ្នាំ២០២១។
បើតាមលោកជំទាវ ជារឿងល្អមួយដែលក្រុមហ៊ុន LYP មានដើមកំណើតនៅក្នុងទឹកដីខេត្តកោះកុង ហើយបានគិតគួរដល់ស្រុកកំណើត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាកសាងសមិទ្ធិផលមួយចំនួន ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុខេត្តកោះកុង ដូចជាវិនិយោគលើវិស័យកសិកម្មចម្ការអំពៅ ដែលបង្កើតការងារនៅនឹងកន្លែង, វិស័យឧស្សាហកម្ម ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស បង្កើតបានការងារសម្រាប់ពលរដ្ឋរហូតជាង១ម៉ឺននាក់ឯណោះ និងក៏មានពលរដ្ឋមកពីបណ្ដាខេត្តដទៃទៀតដែរ។
ទោះបីជាយ៉ាងនេះក្ដី បើតាមលោកជំទាវ ខេត្តកោះកុងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត ឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ចំពោះខេត្តដែលមានអភិបាលជាស្ត្រីលើកដំបូង។ ខេត្តក៏ខិតខំទាក់ទាញការវិនិយោគបន្ថែមទៀតទាំងក្នុងស្រុក និងមកពីក្រៅប្រទេសទៅតាមសក្ដានុពលដែលមាន និងបង្កើតការងារដល់ពលរដ្ឋក្នុងខេត្ត និងស្រូបទាញយកកម្លាំងពលកម្មពីបណ្ដាខេត្តនានាកាន់តែច្រើនរួមចំណែកក្នុងសេដកិច្ចគ្រួសាររបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំ ជំនាញ, រូបភាព៖ សុខ ពិសិដ្ឋ