ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា ស្នើប្រតិភូសមាជិកព្រឹទ្ធសភាថៃ ឲ្យជួយកៀរគរអ្នកវិនិយោគ និងអ្នកទេសចរថៃ មកកម្ពុជា

០១ តុលា ២០២២ | ព័ត៌មានជាតិ

 


កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា បានរៀបចំពិធីពិសាអាហារសាមគ្គី ជាមួយគណៈប្រតិភូសមាជិកព្រឹទ្ធសភាថៃ នៅសណ្ឋាគារភ្នំពេញ។ ថ្លែងក្នុងពិធីនេះ ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា បានស្នើសុំប្រតិភូសមាជិកព្រឹទ្ធសភាថៃ ជួយផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគ និងទេសចរថៃ ឱ្យមកកម្ពុជា កាន់តែច្រើនថែមទៀត។

 


ពិធីពិសាអាហារសាមគ្គីរវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អព្រឹទ្ធសភាថៃ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម លោកជំទាវសមាជិកនៃព្រឹទ្ធសភាទាំងពីរប្រទេស រួមនឹងវត្តមានរបស់អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ។

 


ថ្លែងនៅដើមពិធីពិសាអាហារសាមគ្គីនេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភាកម្ពុជា បានស្នើសុំ ដល់ប្រតិភូសមាជិកព្រឹទ្ធសភាថៃ ជួយយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគ និងទេសចរណ៍ថៃ មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសគឺខេត្តសៀមរាប តាមការផ្តួចផ្តើមថ្មី នៃច្រករបៀងទេសចរណ៍វប្បធម៌ នៃព្រះរាជាណាចក្រទាំងពីរ។

 


ឯកឧត្តម ក៏លើកទឹកចិត្ត ឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងសភាកម្ពុជា-ថៃ ឲ្យកាន់តែច្រើន និងញឹកញាប់ជាមុន ដើម្បីសិក្សាពីគ្នាទៅវិញទៅមក និងផ្លាស់ប្ដូរបទពិសោធន៍ការងារសភា ការងារការទូតសភា និងជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឲ្យបានកាន់តែទូលំទូលាយ។

 


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អព្រឹទ្ធសភាថៃ ក៏បានលើកឡើងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីការងារប្រឆាំងអំពើពុករលួយ ហើយតាមរយៈលទ្ធផលនៃជំនួបពិភាក្សា ឯកឧត្តមនឹងយកមតិយោបល់ និងបទពិសោធន៍ទាំងនេះ ទៅអនុវត្តជាប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេសថៃ ៕
 

 

 

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ សែត ប៊ុនថាន់ និង និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024