ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន Apple គ្រោងរុះរើផលិតកម្មស្មាតហ្វូនទៅកាន់ប្រទេសឥណ្ឌា ត្រឹមឆ្នាំ ២០២៥

២២ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

ក្រុមអ្នកវិភាគមកពី ស្ថាប័នហិរញ្ញវត្ថុ JP Morgan បានលើកឡើងថា ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរផលិតកម្ម iPhone ទៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០២៥ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានផ្លាស់ប្តូរផលិតកម្មមួយចំនួនចេញពី ប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៃកូវីដ១៩ នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃនេះ។

 

 

ក្រុមអ្នកជួញដូរនៅក្នុងវិស័យស្មាតហ្វូន បានបង្ហាញក្តីរំពឹងថា ក្រុមហ៊ុន Apple នឹងផ្លាស់ទីប្រហែល ៥% នៃផលិតកម្ម iPhone 14 ទៅកាន់ប្រទេសឥណ្ឌា ចាប់ពីចុងឆ្នាំ ២០២២ ដោយឥណ្ឌា គឺជាទីផ្សារស្មាតហ្វូនធំទី២ របស់ពិភពលោក បន្ទាប់ពី ប្រទេសចិន។លើសពីនេះ ក៏មានការប៉ាន់ស្មានទៀតថា ប្រហែល ២៥% នៃផលិតផល Apple ទាំងអស់ រួមទាំង កុំព្យូទ័រ Mac, iPad, Apple Watch និង AirPods នឹងត្រូវបានផលិតនៅខាងក្រៅប្រទេសចិន នៅឆ្នាំ ២០២៥។

 


ជាមួយគ្នា Apple ដែលមានទីស្នាក់ការកណ្តាលនៅ រដ្ឋកាលីហ្វ័រញ៉ា បានទុកចិត្តលើប្រទេសឥណ្ឌា ចាប់តាំងពីវាបានចាប់ផ្តើមដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០១៧ តាមរយៈក្រុមហ៊ុន Wistron និងក្រោយមកសហការជាមួយក្រុមហ៊ុន Foxconn ស្របតាមការជំរុញរបស់ រដ្ឋាភិបាលឥណ្ឌា សម្រាប់ជំរុញផលិតកម្មក្នុងស្រុក។

 


វិបត្តិកូវីដ១៩ បានរារាំងផែនការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់អាជីវកម្ម ប៉ុន្តែជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹង ក្រុមហ៊ុនជាច្រើនទៀត រួមទាំងក្រុមហ៊ុន Apple កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងទាំងនេះឡើងវិញ នៅឆ្នាំ ២០២២នេះ។


បើយោងតាមអ្នកវិភាគ JP Morgan ប៉ាន់ស្មានថា ឈ្មួញកណ្តាលនៅតៃវ៉ាន់ ដើរតួយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ Apple ទៅកាន់ប្រទេសឥណ្ឌា ដោយក្នុងរយៈពេលមធ្យម ទៅ វែង គេក៏រំពឹងថា Apple នឹងផ្តល់លក្ខណៈសម្បត្តិគ្រប់គ្រាន់ដល់ អ្នកផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកឥណ្ឌា។


ជាចុងក្រោយ របាយការណ៍របស់ Bloomberg បានបញ្ជាក់នៅដើមខែកញ្ញានេះថា ក្រុមហ៊ុន Tata Group របស់ឥណ្ឌា កំពុងពិភាក្សាជាមួយក្រុមហ៊ុន Wistron ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីដំឡើង iPhone នៅក្នុងប្រទេស ចំពេលមានផែនការរបស់ក្រុមហ៊ុន Apple ក្នុងការកាត់បន្ថយភាពយឺតយ៉ាវក្នុងការផលិតជាមួយប្រទេសចិន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024