ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ទុរេនស្រស់វៀតណាម នាំចេញទៅដល់ទីផ្សារចិនជាលើកដំបូង បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន

២១ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

ទុរេនស្រស់វៀតណាមសរុបចំនួន ១៨តោន ដែលមានតម្លៃជាង ៧ម៉ឺនដុល្លារអាមេរិក បានមកដល់កំពង់ផែតំបន់ស្វយ័ត គ័ងស៊ីឈ័ង ភាគខាងត្បូងប្រទេសចិន ដែលជាការមកដល់នៃ ផ្លែឈើដំបូងនៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ចូលជាធរមាននៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។


កិច្ចព្រមព្រៀង RCEP ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករា មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើ ផលិតផលកសិកម្មក្នុងចំណោមសមាជិក RCEP ត្រូវបានសម្របសម្រួលជាច្រើន ចាប់តាំងពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន។


បុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូន YH Global បានបញ្ជាក់ថា វាចំណាយពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទុរេនពី ប្រទេសវៀតណាម ទៅកាន់កំពង់ផែ ដែលជួយរក្សាភាពស្រស់ និងរសជាតិនៃផ្លែទុរេនទាំងនេះបានប្រសើរជាងមុន ហើយសង្ឃឹមថា ពួកគេនឹងទទួលបាននូវ អតិថិជនចិន កាន់តែច្រើន។

 


រហូតមកដល់ពេលនេះ ផ្លែឈើសរុបចំនួន ៦៦ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៩ រួមមាន វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា បានទទួលការបើកទីផ្សារទៅកាន់ប្រទេសចិនហើយ ដោយមាន ក្វាងស៊ី ជាច្រកនាំចូលដ៏សំខាន់។

 


ក្រោយពិធីសារអនាម័យសម្រាប់ផ្លែឈើវៀតណាម នាំចេញទៅប្រទេសចិន ត្រូវបានចុះហត្ថលេខារវាង ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងរដ្ឋបាលគយចិន ការនាំចេញទុរេនជាផ្លូវការ នឹងជួយអាជីវកម្មវៀតណាម ទទួលបានទីផ្សារដ៏ធំនេះ ហើយទន្ទឹមនឹងនោះ ជួយអាជីវកម្ម និងកសិករទទួលបានប្រាក់ចំណេញខ្ពស់ពី ផ្លែឈើពិសេសនេះ។

 


ដើម្បីសម្រេចបាននូវសមិទ្ធិផលនេះ តំបន់ដាំដុះទុរេន និងក្រុមហ៊ុនវេចខ្ចប់បានធ្វើការត្រៀមលក្ខណៈយ៉ាងតឹងរ៉ឹង និងឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាល ដោយភ្នាក់ងារជំនាញនៃ ប្រទេសទាំងពីរ ដើម្បីបំពេញតាម តម្រូវការលើការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ សុវត្ថិភាពចំណីអាហារ និងអនាម័យ  ធានាមិនមានសំណល់ថ្នាំសម្លាប់សត្វល្អិត លើសពីកម្រិតកំណត់។

 


សូមជម្រាបថា បើយោងតាមគយវៀតណាម បញ្ជាក់ថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេន ទៅកាន់ ប្រទេសចិន បានកើនឡើង ១២៣% ដល់ ២លាន ៨សែនដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024