ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-តួកគី ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

១៦ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

កម្ពុជា-តួកគី ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នាបន្ថែម ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ខណៈ៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ កើនឡើង ប្រមាណ៧០០% ។

 

ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-តួកគី ឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ។


ការសន្យានេះធ្វើឡើងនាឱកាសដែលលោកជំទាវ អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ បន្ទាប់ពីលោកជំទាវទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។


ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ស្ថានភាពទេសចរណ៍កម្ពុជា ដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ 


លោកជំទាវ អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព/អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។ 


បើតាមការបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។


ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះគឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។


ឯកឧត្ដមមានប្រសាសន៍ថា «ក្នុងអាណត្តិដែលលោកជំទាវបំពេញបេសកកម្មនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតតួកគីបានសន្យាសម្រេចឱ្យបាននូវការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-តួកគី ពីព្រោះដើម្បីជំរុញឱ្យមានកំណើនទេសចរទៅបាន ចាំបាច់ត្រូវមានការដឹកជញ្ជូន»។

 

 


ឯកឧត្ដមរដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីនោះគឺមិនមែនជាបញ្ហាឡើយ។

 


ភាគីទាំងពីរ ក៏បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។

 


ក្រៅពីនេះ កិច្ចព្រមព្រៀងក៏ផ្ដោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈតួកគីគឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគីក៏ត្រូវបន្តការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីរាជការប្រទេសទាំងពីរជាដើម៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024