ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាន បានងើបឡើងវិញក្នុងទំហំទឹកប្រាក់ ១៧៤ ប៊ីលានដុល្លារអាមេរិក

១៥ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាន បានងើបឡើងវិញគួរឱ្យកត់សម្គាល់ក្នុងទំហំទឹកប្រាក់ ១៧៤ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលចំនួននេះ ស្មើនឹងរំហូរទុនវិនិយោគសរុបនៅឆ្នាំ២០១៩ មុនពេលតំបន់អាស៊ានទាំងមូលទទួលរងនូវផលប៉ះពាល់ពីជម្ងឺជំងឺកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ២០២២។

 

បើយោងតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ២០២២ ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ នឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលបាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន តំណាងកម្ពុជា បានលើកឡើងថា អាស៊ានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩, សង្គ្រាមនៅអ៊ុយក្រែន, ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប៉ុនប៉ងញែកពិភពលោក ទៅជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុ។

 


ក្នុងកាលៈទេសៈនេះ អាស៊ានត្រូវរួបរួមគ្នាជាងពេលណាៗទាំងអស់ ហើយត្រូវបន្តសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា និងបន្តជំរុញ និងទាក់ទាញការវិនិយោគប្រកបដោយនិរន្តរភាព និងបរិយាប័ន្នមកក្នុងតំបន់អាស៊ាន។​អង្គប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាវិនិយោគអាស៊ាន ក៏បានកត់សម្គាល់ពីវឌ្ឍនភាពនៃការពិភាក្សា ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ នៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យតំបន់នេះបន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។

 


បើយោងតាមរបាយការណ៍ ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយ សន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD បានបង្ហាញឱ្យឃើញពីការកើនឡើងវិញ គួរឱ្យកត់សម្គាល់នូវរំហូរទុនវិនិយោគ មកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ ដល់ប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ចអាស៊ាន នៅក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពលេចធ្លោជាងគេ។

 


ជាមួយនឹងការកត់ត្រានូវកំណើនរំហូរទុនវិនិយោគ របាយការណ៍បានបង្ហាញឱ្យឃើញអំពីការកើនឡើង យ៉ាងគំហុកនៃការវិនិយោគថ្មី។ ទន្ទឹមនឹងរបកគំហើញយ៉ាងវិជ្ជមាននេះ របាយការណ៍ក៏បានរំលេចផងដែរថា កិច្ចសម្រួលវិនិយោគ គឺជារបៀបវារៈអាទិភាពរបស់បណ្តាប្រទេស នៅជុំវិញពិភពលោក ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩។

 


គួរបញ្ជាក់ថា អាស៊ានគឺជាទីផ្សារធំទី៣ក្នុងតំបន់អាស៊ី និងជាទីផ្សារធំទី៦របស់ពិភពលោក ហើយបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មាន ៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង១០ ភាគរយ ធៀបនឹងឆ្នាំមុន៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024