ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មកមើលសម្រស់បេក្ខភាពផ្លូវការទាំង៣៥នាក់ ត្រៀមដណ្តើមមកុដ Miss Grand Cambodia 2022 

២៦ កក្កដា ២០២២ | កម្សាន្ដ

 

នៅទីបំផុតសមាសភាពបេក្ខភាពផ្លូវការទាំង៣៥រូប ត្រៀមដណ្តើមមកុដ MGC 2022 ត្រូវស្ថាប័ន Miss Grand Cambodia 2022 បើកបង្ហាញជាផ្លូវការហើយ កាលពីយប់មិញនេះ ព្រមជាមួយការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន។

 


ស្ថាប័ន Miss Grand Cambodia 2022 កាលពីយប់មិញនេះ បានរៀបចំកម្មវិធីសន្និសីទ្ធសារព័ត៌មានបើកបង្ហាញសមាសភាពបេក្ខភាពផ្លូវការទាំង៣៥នាក់រូបដែលត្រៀមនឹងប្រកួតប្រជែងដណ្តើមយកមកុដ កញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) នាពេលដ៏ខ្លីខាងមុខហើយ នៅជាន់ទី៣៦ នៃសណ្ឋាគារ Rooswood ក្រោមវត្តមានភ្ញៀវកិត្តយស បវរកញ្ញា-បុរសឯក និងហ្វេនៗអ្នកគាំទ្រវិស័យ Beauty Pageant ជាច្រើនរូប។

 


មុនបើកបង្ហាញបេក្ខភាពផ្លូវការទាំង៣៥ ក៏មានការដើរបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនពីសំណាក់បវរកញ្ញា និងបុរសឯក ចំណុះក្រោមផលិតកម្មមហាហង្ស ជាច្រើនរូបផងដែរ ញ៉ាំងឱ្យពិធីនេះកាន់តែអធិកអធមខ្លាំងឡើង។ 

 


ក្រឡេកទៅមើលបេក្ខភាពភាពទាំង៣៥នាក់វិញនោះ គ្រប់គ្នាបានដើរបង្ហាញម៉ូដក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដោយភាពទន់ភ្លន់ និងស្រែកពីឈ្មោះខេត្តតំណាងដោយភាពជឿជាក់បំផុត បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ម្នាក់ៗបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតដ៏ស្វិតស្វាញនាពេលដ៏ខ្លីខាងមុខនេះ។

 

 

ក្រៅអំពីការបើកបង្ហាញបេក្ខភាពជាផ្លូវការទាំង៣៥រូបហើយនោះ ស្ថាប័ន Miss Grand Cambodia 2022 ក៏ត្រៀមនឹងទទួលដំណើរទស្សនកិច្ចរបស់ Mr. Nawat - President of Miss Grand International & Top 10 Miss Grand Thailand 2022 មកទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះផងដែរ។

 


លោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម មហាហង្ស និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី Miss Grand Cambodia បានឱ្យដឹងថា នេះជាឆ្នាំទី៣ដែលផលិតកម្ម មហាហង្ស បានទទួលបន្ទុករៀបចំកម្មវិធី Miss Grand Cambodia។ ២ឆ្នាំកន្លងទៅនេះ Miss Grand Cambodia ទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ដ្បិតតែមានផលលំបាកជាច្រើន ពិសេសគឺឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩។ 

 

 

ទោះជាយ៉ាងនេះក្តី ប៉ុន្តែដោយសារបានការគាំទ្រលើកទឹកចិត្តពីបណ្តាហ្វេនៗ ប្រជាជនកម្ពុជា និងបណ្តាក្រុមហ៊ុនអ្នកឧបត្ថមគាំទ្រ ធ្វើឱ្យលោកមានទឹកចិត្តក្នុងការធ្វើការងារនេះបន្តទៅទៀត។ ការពិតទៅលោកមានការងារជាច្រើនផ្នែកនៅក្នុងដៃ ប៉ុន្តែលោកប្តេជ្ញាជំរុញវិស័យប្រកួតប្រជែងសម្រស់ឱ្យកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024