ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូប្រមាណ២០ស្ថាប័ន បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទានជាផ្លូវការ

០៥ កក្កដា ២០២២ | សេដ្ឋកិច្ច

 

ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូប្រមាណ២០ស្ថាប័ន បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ជាផ្លូវការក្នុងខែកក្កដានេះ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ឬហៅកាត់ថា SME បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ជាផ្លូវការ ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក


ចាប់ពីដើមខែកក្កដានេះតទៅ ក្រោយរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩ កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ។ 


ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ ដែល“គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍”នេះ មានថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក និងតាមរយៈធនាគារ SME រួមជាមួយនិងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។


លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ, រយៈពេលឥណទាន រហូតដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។ 


លោកបណ្ឌិត ក៏បានបនែ្ថម ផងដែរថា ឥណទាននេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។


តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ កាលពីខែមិថុនាកន្លងទៅ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូដូចជា៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, និងធនាគារព្រីនស៍ជាដើម ដើម្បីត្រៀមខ្លួនផ្តល់ឥណទានទៅដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រកបរបបក្នុងឧស្សាហ៍កម្មនេះ។ 

 


ដោយឡែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឲ្យPNNដឹងថា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិកជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ  និងជួយសំរូលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីកូវីដ១៩កន្លងមក ហើយត្រូវការដើមទុន សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនឡើងវិញ។

 


គួរបញ្ជាក់ថា គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង បានបិទ និងផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍សរុបចំនួន២១,៩៩៨នាក់៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024