ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
គ្រូបង្វឹកជម្រើសជាតិទូកកម្ពុជា ជនជាតិជប៉ុន លោក Tsuchiya Ryuichi បានបង្ហាញជំនឿចិត្តខ្ពស់ថា រយៈពេល ៣ឆ្នាំដែលនៅសេសសល់ គ្រប់គ្រាន់សម្រាប់ក្រុមថ្នាលទូកកម្ពុជាពង្រឹងគុណផលរបស់ខ្លួន។
គ្រូជនជាតិជប៉ុនវ័យ ៧២ឆ្នាំរូបនេះគូសបញ្ជាក់ថា ស៊ីហ្គេម ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះពិតណាស់ក្រុមថ្នាលទូកកម្ពុជា នឹងប្រជែងបានមេដាយ។ ប្រជែងបានក៏ព្រោះរយៈពេល ៣ឆ្នាំនេះ សហព័ន្ធនឹងរៀបចំផែនការច្បាស់លាស់មួយ ដើម្បីពង្រឹងគុណភាពកីឡាករ-ការិនីថ្នាលឱ្យបានខ្ពស់បំផុត។
«ថ្ងៃនេះក្រុមថ្នាលរបស់យើងបានមកជុំគ្នាហ្វឹកហាត់។ ខ្ញុំសង្កេតឃើញមួយរយៈពេលដែលយើងបានផ្តើមហ្វឹកហាត់មកនេះ ពួកគេធ្វើល្អបានច្រើនមែនទែន។ បច្ចេកទេសពិបាកៗខ្លះ ក៏ពួកគេចាប់បានលឿនដែរ។ និយាយពីឆ្នាំ២០២៣ដែលកម្ពុជាធ្វើស៊ីហ្គេមវិញ គឺយើងនៅមានពេលគ្រប់គ្រាន់។ យើងសល់៣ឆ្នាំទៀត ចឹងយើងប្រឹងពីឥឡូវទៅ ខ្ញុំជឿថាកីឡាករ កីឡាការិនីរបសយើង នឹងយកមេដាយមាសបាន ព្រោះខ្ញុំនឹងព្យាយាមបង្វឹកពួកគេ ឱ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីពេលនេះថ្នាលរបស់យើងនៅខ្វះបច្ចេកទេសមូលដ្ឋានសំខាន់ៗខ្លះ តែយើងនឹងបន្តពង្រឹងវាពីឆ្នាំនេះទៅ ចឹងខ្ញុំនៅតែជឿជាក់ថា យើងនឹងជោគជ័យនៅស៊ីហ្គេម២០២៣»។
ជាមួយគ្នានេះ អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម ជា ប៊ុនហេង បានជំរុញដល់គ្រូបង្វឹក កីឡាករ-ការិនីទាំងអស់ ត្រូវបន្តពង្រឹងគុណផលរបស់ខ្លួនពីពេលនេះទៅ។ ឯកឧត្តមបន្តថា គ្រប់ការហ្វឹកហាត់របស់ក្រុមទូក ពុំមែនមានគោលដៅតែសម្រាប់ស៊ីហ្គេមនៅឆ្នាំ ២០២៣នោះទេ ក៏ប៉ុន្តែស៊ីហ្គេមនៅវៀតណាមឆ្នាំ ២០២១ខាងមុខនេះ ក៏ក្រុមទូកត្រូវតែព្យាយាមស្វែងរកលទ្ធផលជាទីគាប់ចិត្តណាមួយ ដើម្បីឈានទៅឆ្នាំ ២០២៣។
គួរបញ្ជាក់ថា ក្រុមយុវជនថ្នាលទូក បានផ្តើមហ្វឹកហាត់ជិត ២សប្តាហ៍ហើយ គិតត្រឹមពាក់កណ្តាលខែមិថុនានេះ។ ក្រុមទូក និងគ្រូបង្វឹក ដែលកំពុងហ្វឹកហាត់នៅក្រុងតាខ្មៅ ខេត្តកណ្តាលមានចំនួន ២២រូប ក្នុងនោះក្រុមថ្នាលបម្រុងមាន ៥រូបផងដែរ៕
អត្ថបទ និងរូបភាព៖ ងិន មករា