ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

ឆមាសទី ១ វៀតណាម ទទួលការវិនិយោគដោយផ្ទាល់ពីបរទេស ប្រមាណ ១៤ពាន់លានដុល្លារ

២៩ មិថុនា ២០២២ | សេដ្ឋកិច្ច

 

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ ក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២២នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស របស់វៀតណាម សម្រេចបានប្រមាណ ១៤ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

នៅក្នុងចំណោមទុនវិនិយោគទាំងអស់នេះ ទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក បានហូរចូលទៅក្នុងគម្រោងវិនិយោគថ្មីៗ និងប្រមាណជិត ៦ពាន់ ៨រយលានដុល្លារអាមេរិកទៀត ត្រូវបានចាក់បញ្ចូលទៅក្នុង គម្រោងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសវៀតណាម។

 


នៅក្នុងចំណោម វិស័យទាំង ១៨ ដែលទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស គឺមានវិស័យឧស្សាហកម្ម ទាក់ទាញការវិនិយោគខ្ពស់ជាងគេជិត ៩ពាន់លានដុល្លារអាមេរិក ស្មើនឹង ៦៣% នៃទំហំទុនវិនិយោគសរុប បន្ទាប់មក គឺមានវិស័យអចលនទ្រព្យ ដែលមានទុន ៣ពាន់លានដុល្លារ ស្មើនឹង ២២% នៃទំហំទុនវិនិយោគសរុប។

 


ដោយឡែក ការវិនិយោគមកកាន់វៀតណាម គឺមកពីបណ្តាប្រទេស និងតំបន់ចំនួន ៨៤ ដែលនាំមុខគេដោយ ប្រទេសសិង្ហបុរី មានទុនវិនិយោគ ៤ពាន់លានដុល្លារអាមេរិក ហើយក្រៅពីនោះមាន កូរ៉េខាងត្បូង បោះទុន ២ពាន់ ៦រយលានដុល្លារ។

 


សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ វៀតណាម មានគម្រោងវិនិយោគសរុប ៣ម៉ឺន ៥ពាន់គម្រោង ដែលមានដើមទុនចុះបញ្ជី ៤២៨ពាន់លានដុល្លារអាមេរិក ក្នុងនោះដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនបរទេស មានជាង ២៦១ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦១% នៃដើមទុនសរុប៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024