ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គម្រោងវិនិយោគ មានទុនក្រោម ៥លានដុល្លារ អាចទទួលបានការអនុម័តពី អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត

២២ មិថុនា ២០២២ | សេដ្ឋកិច្ច


រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលអនុញ្ញាតឲ្យ គម្រោងវិនិយោគ មានទុនក្រោម ៥លានដុល្លារអាមេរិក អាចទទួលបានការអនុម័តត្រឹម អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ខណៈវិស័យឯកជន ស្វាគមន៍ចំពោះ យន្តការថ្មីនេះ។


កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

 


បើតាមអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានា ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា ។

 


ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់ភីអិនអិនថា លោកបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុក្រឹត្យថ្មីនេះ វានឹងកាន់តែបង្កនូវភាពងាយស្រួលដល់អ្នកវិនិយោគផ្ទាល់ ជាពិសេសការបង្កើនទំហំទឹកប្រាក់ពី ២លានដុល្លារ ដល់ ៥លានដុល្លារចុះក្រោម ដែលអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចអនុម័តបាន។

 


លោកឧកញ៉ា បន្តថា ដោយសារមានអនុក្រឹត្យនេះហើយ បណ្តារាជធានី-ខេត្ត គឺមានភាពទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការទាក់ទាញវិនិយោគមកកាន់បណ្តាខេត្តរបស់ខ្លួន ដូច្នេះលោកឧកញ៉ា សូមស្នើសុំឱ្យគណៈអភិបាលរាជធានី-ខេត្តទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែកៀងគរពីបរទេសមកវិនិយោគក្នុងប្រទេសកម្ពុជា។

 


យ៉ាងណាមិញ នៅក្នុងអនុក្រឹត្យនេះដែរ បានកំណត់ថា គម្រោងវិនិយោគចំនួន ៨ប្រភេទផ្សេងទៀត ដែលមិនឆ្លងការពិនិត្យសម្រេច ក្នុងការចុះបញ្ជីគម្រោងវិនិយោគរបស់ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ហើយត្រូវឆ្លងកាត់យន្ដការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ រួមមាន គម្រោងវិនិយោគដែលមានទុនវិនិយោគ ចាប់ពី ៥លានដុល្លារអាមេរិកឡើងទៅ, គម្រោងវិនិយោគដែលមានទីតាំងស្ថិត ក្នុងដែនសមត្ថកិច្ចរបស់រាជធានី-ខេត្ត ចាប់ពី ២ឡើងទៅ, គម្រោងវិនិយោគដែលស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគស្ថិតក្រោមច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, គម្រោងវិនិយោគដែលមានវេទយិតភាពខាងនយោបាយ ឬអាចបង្កគ្រោះថ្នាក់ដល់បរិស្ថាន ឬប៉ះពាល់ដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ការងារអភិរក្ស និងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិ, គម្រោងវិនិយោគពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ គម្រោងវិនិយោគពាក់ព័ន្ធវិស័យថាមពល និងគម្រោងវិនិយោគ ដែលស្ថិតនៅក្នុងបញ្ជីអវិជ្ជមាន ដែលនៅជាធរមាន៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024