ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កើនឡើង ៣៤% អំឡុងពេលកូវីដ ឆ្នាំ២០២១

២១ មិថុនា ២០២២ | សេដ្ឋកិច្ច

ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ជាប្រាក់រៀល និងប្រាក់ដុល្លារ បានកើនឡើង ៣៤% នៅក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ៣,៨ដងនៃផលិតផលក្នុងស្រុកសរុប ខណៈចំនួនគណនីកាបូអេឡិចត្រូនិក ឬហៅថា E-Wallet បានកើនឡើងដល់ ១៣លាន ៦សែនគណនី ដែលស្មើនឹងជាង ៨០ % នៃចំនួនប្រជាជនសរុប។ នេះបើតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។


របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ បានបង្ហាញទៀតថា ប្រព័ន្ធទូទាត់ និងការទូទាត់របស់កម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសវាបានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដែលរុញច្រានឲ្យទំហំទូទាត់សរុបឈានដល់ ៤១៥ទ្រីលានរៀល។


លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ចំណុចដែលគួរឱ្យកត់សម្គាល់ ដូចដែលមានរៀបរាប់នៅក្នុង ជំពូកថ្មីស្តីពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធទូទាត់ឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ ដែលបណ្តាលមកពីការរាលដាលនៃ ជំងឺកូវីដ១៩ ក៏ដោយ។


លោកជំទាវ បន្តថា ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយ តាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិក បានកើនឡើង ៣៤% ស្មើនឹង ៣,៨ ដងនៃផ.ស.ស. ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក បានកើនឡើងដល់ ១៣លាន ៦សែនគណនី ដែលស្មើនឹងជាង ៨០% នៃចំនួនប្រជាជនសរុប។

 


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ធ្លាប់បានបញ្ជាក់ដែរថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យការទូទាត់តាមប្រព័ន្ធឌីជីថល មានការកើនឡើងជាលំដាប់ និងជាទីពេញនិយម សម្រាប់សាធារណជន ជាពិសេសប្រព័ន្ធទូទាត់ឌីជីថលរបស់ ធនាគារ អេស៊ីលីដា បានកើនឡើង ៩៤% ហើយចូលមកដល់ឆ្នាំ ២០២២នេះ ធនាគារ នឹងបន្តជម្រុញឱ្យបានដល់ ៩៧% នៃប្រតិបត្តិការទាំងអស់។

 


របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ បានបង្ហាញទៀតថា ចំនួនប្រជាជនវ័យក្មេងកើនឡើងខ្លាំង ការប្រើប្រាស់ទូរស័ព្ទចល័តកើនខ្ពស់ ការជ្រៀតចូលអ៊ីនធឺណេតកាន់តែច្រើន និងក្របខ័ណ្ឌបទប្បញ្ញត្តិគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងភ្នាក់ងារជាច្រើន នៅទូទាំងប្រទេស។

 


សូមជម្រាបថា សម្រាប់ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០២១ ដោយប្រើគណនី E-Wallet បានកើនឡើង ១៧% គិតជាប្រាក់ប្រមាណ ២០០ទ្រីលានរៀល ដែលមានចំនួនប្រតិបត្តិការ ៣៤៣លានដង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024