ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វិទ្យាស្ថានតេជោសែន និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា រួមគ្នា ផ្ដល់ការរបណ្ដុះបណ្ដាលជំនាញ

២៧ ឧសភា ២០២២ | ព័ត៌មានជាតិ

 

និស្សិត និងយុវជន ដែលកំពុងសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)  ឥឡូវនេះ រឹតតែទទួលបានឱកាសកាន់តែប្រសើរ ក្នុងការផ្លាស់ប្ដូរការបណ្ដុះបណ្ដាលជំនាញ និងចំណេះដឹង រួមនិងការទទួលបានវគ្គបណ្ដុះបណ្ដាលផ្សេងៗ ពីវិទ្យាស្ថានទាំងពីរនេះ។ ការផ្លាស់ប្ដូរការបណ្ដុះបណ្ដាលជំនាញ និងចំណេះដឹងនេះ ត្រូវបានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះ។


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា បានចុះអនុស្សារណៈរួមគ្នាមួយលើកិច្ចសហការផ្ដល់ជំនួយបច្ចេកទេសអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ រួមនិងការផ្ដល់ឱកាសដល់និស្សិត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍សិក្សាជាដើម។

 

លោក Ken Lo អគ្គលេខាធិការនៃសមាគមរោងចក្រនៅកម្ពុជាបានឱ្យដឹងថា សម្រាប់វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ជាវិទ្យាស្ថានម៉ូដសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេក្នុងប្រទេសកម្ពុជា។

 

វិទ្យាស្ថាននេះ ត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើងដោយសមាជិករោងចក្រ GMAC ក្នុងគោល បំណងបង្រួមគម្លាតរវាងតម្រូវការបណ្ដុះបណ្ដាល និងបំពេញតម្រូវការ ការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងរបស់របរសម្រាប់ធ្វើដំណើរ  ដោយផ្ដល់នូវសមត្ថភាពគុណភាព និងបរិមាណធនធានមនុស្ស ក៏ដូចជា បង្កើនកម្លាំងពលករជំនាញសម្រាប់ឧស្សាហកម្មនេះ។

 

 

តាមឱ្យដឹងបន្ថែមពីលោក Ken Lo រហូតមកដល់ពេលនេះ វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញខ្លីៗជាង ៩០ សម្រាប់កសាងសមត្ថភាព និងពង្រឹងជំនាញដែលមានស្រាប់ និងមានជំនាញ ៣សម្រាប់ថ្នាក់សញ្ញាប័ត្រកម្រិតខ្ពស់ជូនដល់អ្នកដែលទើបនឹងសិក្សាថ្មីផងដែរ។

 

 

ជុំវិញរឿងនេះដែរ ឯកឧត្ដម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន បានលើកឡើងថា កិច្ចសហការនេះនឹងចូលរួមដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេល បច្ចុប្បន្ន និងបង្កើតឱ្យមានអ្នកបន្ដវេនរបស់កម្ពុជាដ៏មានសក្ដានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូននាពេលអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។ 

 

 

គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា បានឯកភាពគ្នាជាគោលការណ៍ ដើម្បីផ្ដល់នូវកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍការអប់រំ និងការស្រាវជ្រាវក្នុងសមត្ថកិច្ចរបស់ភាគី នីមួយៗ ដូចជា សហការក្នុងការផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសផ្សេងៗ។ ផ្លាស់ប្ដូរមន្រ្ដី សាស្រ្ដចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក។ សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នា ក្នុង វិស័យពាក់ព័ន្ធ។ សហការក្នុងការផ្ដល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ និងការផ្ដល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្ដូរបទពិសោធន៍សិក្សាជាដើម៕

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024