ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥

ពេលវេលាចរចាកំណត់ប្រាក់ឈ្មួលកម្មករ សម្រាប់ឆ្នាំ២០២១ នឹងមកដល់ឆាប់ៗ

១៥ មិថុនា ២០២០ | ព័ត៌មានជាតិ

ការអនុវត្តន៍ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើង មិនទាន់បានប៉ុន្មានផង ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០២១ បានមកដល់ទៀតហើយ។ ចាប់ផ្តើម នៅខែកក្កដាខាងមុខ មុននឹងចូលដល់ការចរចាត្រីភាគី រវាងអ្នកតំណាងកម្មករនិយោជិត និយោជក និងតំណាងរាជរដ្ឋាភិបាល។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

 


បើតាមសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទុកពេលអោយសហជីព និងភាគីពាក់ព័ន្ធ ពិភាក្សាការងារផ្ទៃក្នុងរៀងៗខ្លួនជាមុនសិន ដើម្បីត្រៀមចរចារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងកម្ពុជាសម្រាប់ឆ្នាំ២០២១។ ការប្រជុំផ្ទៃក្នុងធ្វើឡើងនៅក្នុងខែកក្កដាខាងមុខនេះ។


បន្ទាប់មកនៅក្នុងខែសីហាឆ្នាំ២០២០ ជាការចាប់ផ្ដើមពិភាក្សាជាលក្ខណៈត្រីភាគី និងទ្វេភាគី។ កំណត់យកខែកញ្ញាឆ្នាំ២០២០ ដើម្បីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយន ភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងឆ្នាំ២០២១ និងកំណត់យកថ្ងៃទី១ខែមករាឆ្នាំ២០២១ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

 


ក្នុងនោះក្រសួងក៏បានណែនាំថា គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គមជាអាថ៌ ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ចជាអាថ៌ ផលិតភាព ភាពប្រកួតប្រែជរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតប្រាក់ចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។


ម្យ៉ាងទៀត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមលក្ខណៈវិនិនច្ឆ័យ ដែលបានចែងក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

 


 

សូមបញ្ជាក់ថា បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មាន១៩០ដុល្លារក្នុង១ខែ។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា ក្នុងតំណែងសម្ដេចជានាយករដ្ឋមន្ត្រីការដំឡើងប្រាក់ខែនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្ដេចមិនបានកំណត់ថា ត្រូវឡើងប៉ុន្មាននោះទេអាស្រ័យលើការចរចាររវាងភាគីពាក់ព័ន្ធ។

 


ទោះបីជាយ៉ាងណា បើតាមតំណាងសហជីពកម្ម ដោយសារវិបត្តិកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរ គឺប៉ះពាល់ទាំងថៅកែរោងចក្រនិងកម្មករនោះ ការចរចាប្រាក់ឈ្នួលនៅឆ្នាំនេះទំនងមានភាពតានតឹង។ បច្ចុប្បន្នសហជីព មិនទានកំណត់តូលេខក្នុងការចរចារនៅឡើយ ដោយរងចាំការប្រជុំមួយរបស់ក្រុមសហជីពនៅនៅចុងខែមិថុនានេះសិន។ សហជីពបញ្ជាក់ថាការទាមទារប្រាក់ឈ្នួលដល់កម្មករកន្លងមកគឺ ធ្វើឡើងតាមស្ថានភាពជាក់ស្តែងនៃសង្គមនិងសេដ្ឋកិច្ច៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025