ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

កីឡាការិនីប៉េតង់ ស្រ៊ាង សុរ៉ាឃីម ចាត់ទុក ២០១៦ ជាឆ្នាំដ៏ជោគជ័យបំផុតក្នុងអាជីព

០២ មិថុនា ២០២០ | កីឡា

ក្រោយបោះជំហានចូលប្រឡូកកីឡាប៉េតង់អស់រយៈពេល ៦ឆ្នំា និងក្ដោបក្ដាប់មេដាយចំនួន ៣២ គ្រឿង ពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិនានា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម បានចាត់ទុក ២០១៦ ជាឆ្នាំដែលខ្លួនជោគជ័យខ្លាំងនៅក្នុងវិស័យមួយនេះ ហើយក៏ជាស្ពានឆ្លងទៅកាន់ការប្រកួតលំដាប់ពិភពលោក និងមានភាពលេចធ្លោដល់បច្ចុប្បន្ន។

 


នៅក្នុងកិច្ចសម្ភាសជាមួយក្រុមការងារព័ត៌មានកីឡាភីអិនអិន នៅទីលានហ្វឹកហាត់ ក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន បានរៀបរាប់ថា ខ្លួន ចាត់ទុកឆ្នាំ ២០១៦ ជាពេលជោគជ័យបំផុតក្នុងអាជីព ព្រោះភាពលេចធ្លោ កេរ្ត៍ឈ្មោះល្បីល្បាញ និងមេដាយមាសដំបូងក្នុងជីវិត សុទ្ធតែកើតឡើងក្នុងឆ្នាំនោះ។

 


«ក្នុងរយៈពេលនៃឆ្នាំ២០១៦ ដែល ខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងលេចធ្លោ ហើយនិងជោគជ័យខ្លាំង សម្រាប់ខ្ញុំ នៅក្នុងឆ្នា ២០១៦ គឺដំបូងខ្ញុំចេញទៅប្រកួតអាស៊ីអាគ្នេយនៅឡាវ ហើយបានមេដាយមាសដំបូង ហើយរំលងបានមួយខែក៏ហាត់ចេញដាណាំង នៅវៀតណាម លេងអាស៊ានប៉ិចហ្គេម ពេលហ្នឹងក៏ទទួលបានមេដាយមាសដែរ ហើយចាប់ពីពេលហ្នឹងមកធ្វើឲ្យយើងកាន់តែមានទឹកចិត្តខំប្រឹងហ្វឹកហាត់ខ្លាំង ហើយដល់ឆ្នាំ២០១៧ ក៏មានឈ្មោះចេញទៅប្រកួតព្រឹតិ្តការណ៍ធំអន្តរជាតិច្រើន»។


មុនឈានមកដល់ចំណុចមួយប្រសើរដូចពេលបច្ចុប្បន្ន កីឡាការិនីជម្រើសជាតិប៉េតង់កម្ពុជា រំឭករឿងរ៉ាវខ្លះៗ ពេលចាកចេញពីស្រុកកំណើត មកហ្វឹកហាត់នៅភ្នំពេញ ក្នុងឆ្នាំ២០១៤។

 


«បើនិយាយពីការហ្វឹកហាត់ដូចអត់សូវលំបាកប៉ុន្មានទេ ព្រោះកាលនោះយើងហ្វឹកហាត់នៅថ្នាល តែពិបាកតាមគេព្រោះគេហាត់មុនយើងមួយឆ្នាំ តែការលំបាកបំផុត គឺការធ្វើដំណើរ និងស្នាក់នៅ ព្រោះខ្ញុំចេញពីស្រុក ខ្ញុំមករស់នៅផ្ទះអាហ៊ា ហើយពីផ្ទះទៅកន្លែងហាត់វាឆ្ងាយពិបាកទៅមក កាលណោះជិះអា ឆាលី ពេលចេញពីហាត់មេឃភ្លៀងម្ដងៗអូសម៉ូតូទម្រាំដល់ផ្ទះ»។

 


គួរបញ្ជាក់ថា ក្នុងការអាជីពអស់ ៦ឆ្នាំមកនេះ កីឡាការិនីមានដើមកំណើតពីខេត្តតាកែវ ក្រសោបបានមេដាយចំនួន ៣២គ្រឿង ក្នុងនោះមេដាយ ១៨គ្រឿង មានមាស១០ ប្រាក់៣ សំរឹទ្ធ ៥ ដណ្ដើមបានពីព្រឹត្តិការណ៍ជាតិ និងមេដាយប្រជែងបានពីព្រឹត្តិការណ៍អន្តរជាតិចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៦គ្រឿង៕
 

អត្ថបទ៖ តាំង លីហួរ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024