ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ក្រុមប៉េតង់ថ្មីមួយ កំពុងសម្រួចខ្លួនត្រៀមការប្រកួតថ្នាក់ជាតិនានា

១៩ ឧសភា ២០២០ | កីឡា

ដោយមានការជំរុញ និងលើកទឹកចិត្តពីឯកឧត្តម ហ៊ីង ប៊ុនហៀង ក្លិបប៉េតង់ថ្មីមួយដែលមានឈ្មោះថា កងអន្តរាគមន៍ទី៩ការពារគោលដៅទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០  និងកំពុងសម្រួចសមត្ថភាពកីឡាករចំនួន១០នាក់ដើម្បីឆ្ពោះទៅកាន់ការប្រកួតថ្នាក់ជាតិនានា នាពេលខាងមុខ។

 


លោក ជរ គឹមឈុន គ្រូបង្វឹកប្រចាំក្រុមដ៏ថ្មីសន្លាងខាងលើឲ្យដឹងថា កីឡាករដែលត្រូវបានជ្រើសរើសចូលហ្វឹកហាត់សុទ្ធសឹងតែជាធនធានថ្មីៗ ដោយធ្លាប់ប្រកួតត្រឹមលក្ខណៈក្រៅផ្លូវការប៉ុណ្ណោះ។ យ៉ាងណា គ្រូបង្វឹកជាអតីតកីឡាករអំឡុងទសវត្សរ៍១៩៩០រំពឹងថា អាចចំណាយពេល៦ខែសម្រាប់ការពង្រឹងខ្លួនឆ្ពោះទៅកាន់ការប្រកួតផ្លូវការ។


«ក្រុមប៉េតង់យើងត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលខែ៤ ហើយដល់ពាក់កណ្ដាលខែ៥នេះគឺមួយខែហើយ។ យើងមានបំណងចូលរួមប្រកួតការប្រកួតថ្នាក់ជាតិនានា។ កីឡាករយើងសុទ្ធតែថ្មីៗមិនដែលធ្លាប់ហាត់ពីមុនមកទេ ធ្លាប់តែប្រកួតធម្មតាៗ ហើយខ្ញុំគិតថា រយៈពេល៦ខែយើងអាចចេញប្រកួតផ្លូវការបាន»។

 


លោក ជរ គឹមឈុន បន្ថែមថា ក្នុងការហ្វឹកហាត់បច្ចុប្បន្ន គឺលោកបានផ្ដោតលើបច្ចេកទេសចូល និងការវ៉ៃ ហើយមិនតែប៉ុណ្ណោះទេ ក៏មានការប្រកួតកម្ដៅសាច់ដុំរៀងរាល់ថ្ងៃផងដែរដើម្បីបន្សុំាការលេងរបស់កូនក្រុម។ លោកបន្តថា ក្រុមថ្មីនេះក៏ជាផ្នែកមួយនៃបញ្ជាការដ្ឋានកងអង្គរក្សផងដែរដើម្បីចូលរួមសកម្មភាព និងលើកស្ទួយវិស័យកីឡា។


គួរដឹងដែរថា ក្រុមប៉េតង់កងអន្តរាគមន៍ទី៩ការពារគោលដៅទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលការឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញទំហឹងពីឯកឧត្តម ភោគ ចន្ថា និងក្រោមការមើលការខុសត្រូវជាប្រចាំពីឯកឧត្តម សំ សាមឿន៕


អត្ថបទ៖ ទិត្យ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024