ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ជប៉ុនផ្តល់កម្ចីសម្បទានបន្ថែម ៥៨លានដុលា្លរ សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប

២១ តុលា ២០២១ | សេដ្ឋកិច្ច



ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនសម្រេចផ្តល់កម្ចីសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ ៦ពាន់ ៣៣៦ លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ៥៨ លានដុល្លារអាមេរិក។


គម្រោងនៃការផ្តល់កម្ចីសម្បទានបន្ថែម ត្រូវបានចុះហត្ថលេខរួចហើយ នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ក្នុងទំហំទឹកប្រាក់កម្ចី ៦ ពាន់៣៣៦ លានយ៉េនជប៉ុន ស្មើនឹង៥៨ លានដុល្លារអាមេរិក។

 


គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺន ម៣ ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ។ គម្រោងនឹងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាបទាំងមូល ។

 


ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កិច្ចព្រមព្រៀងលើឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។

 


ជាអវសាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ដែលកន្លងមក តែងតែយកចិត្តទុកដាក់ រួមសុខទុក្ខជាមួយកម្ពុជា គ្រប់កាលៈទេសៈ ជាពិសេស ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះ រដ្ឋាភិបាល ជប៉ុន ទើបតែបានបន្តសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ ១ពាន់៦០០ លានយ៉េន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024