ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទិន្នផលស្វាយចន្ទីនៅឆ្នាំខាងមុខអាចនឹងថមថយ បើតម្លៃជី និងថ្នាំកសិកម្មនៅបន្តហក់ឡើងថ្លៃខ្ពស់

២១ តុលា ២០២១ | សេដ្ឋកិច្ច


ប្រជាកសិករអ្នកដាំស្វាយចន្ទីបានឲ្យដឹងថា ទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២២ខាងមុខទំនងជាអាចនឹងថមបរិមាណទទូលបានផលតិចជាងឬស្មើឆ្នាំ២០២១ ខណៈដែលឆ្នាំនេះប្រជាកសិករអ្នកដាំភាគច្រើនបានសម្រេចចិត្តកាត់បន្ថយបរិមាណប្រើប្រាស់ជី និងថ្នាំការពារ មកនៅត្រឹម១ភាគ៣ វិញដោយសាតែតម្លៃជី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងទៅ។


លោក វ៉ា រុតសាន ម្ចាស់ចំការស្វាយចន្ទី ជាង ១០០ហិកតាស្ថិតនខេត្តកំពង់ចាម បានគូសបញ្ជាក់ប្រាប់ភីអិនអិនថា តម្លៃជី និងថ្នាំកសិកម្មសម្រាប់ប្រើលើដំណាំស្វាយចន្ទីបានកំពុងហក់ឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងមក ជាហេតុជំរុញឲ្យអ្នកដាំស្វាយចន្ទីឆ្នាំនេះសម្រេចចិត្តកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំការពារ មកនៅត្រឹម១ភាគ៣ វិញ ឬក៏អ្នកខ្លះទៀតអាចសម្រេចិត្តបោះបង់ ឬក៏កាត់បន្ថយការដាំដំណាំស្វាយចន្ទី ដោយងាកទៅដាំដំណាំផ្សេងជំនួសវិញ។


លោក វ៉ា រុតសាន អះអាងបន្តថា ការកាត់បន្ថយការប្រើប្រាស់បរិមាណជី និងថ្នាំកសិកម្ម នាពេលនេះពិតណាស់នឹងអាចធ្វើឲ្យទិន្នផលស្វាយចន្ទីនាឆ្នាំខាងមុខមានការធ្លាក់ចុះទៅតាមនោះដែរ ខណៈដែលតម្លៃចន្ទីនៅរក្សាតម្លៃថេរជំវិញ ១ពាន់៨០០ដុល្លារក្នុង១តោនដូចទៅនឹងឆ្នាំមុនដែរនោះ។


លោក វ៉ា រុតសានបានឲ្យដឹងទៀតថា តម្លៃជីកសិកម្មធ្លាប់តែ ១តោន ថ្លៃត្រឹម ៥០០ដុល្លារ ប៉ុន្តែឆ្នាំនេះវិញតម្លៃជីកសិកម្មនេះបានកើនរហូត ៧០០ដុល្លារក្នុង១តោន និងចំណែកឯកថ្នាំកសិកម្មវិញបានកើនឡើងដូចគ្នាដែរ ដូច្នេះដំណាំស្វាយចន្ទីក្នុងចំការលោកក៏ត្រូវបានកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្មនេះមកនៅត្រឹម១ភាគ៣វិញផងដែរ។


លោក វ៉ា រុតសាន អះអាងឲ្យដឹងទៀតថា ត្បិតតែផលិតកម្មស្វាយចន្ទីឆ្នាំនេះមិនសូវទទួលបានទិន្នផលល្អ រួមទាំងទីផ្សារតម្លៃប្រហាក់ប្រហែលនឹងឆ្នាំទៅក៏ពិតមែន ប៉ុន្តែបរិមាណនៃការនាំចេញនៅក្នុងឆ្នាំនេះគឺនៅតែបង្ហាញពីកើនឡើងខ្ពស់ដដែល។ 

 


យោងតាមរបាយការណ៍ ក្រសួងកសិកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ នេះកម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីកើនជាង ៣០០ភាគរយ ជាមួយនឹងបរិមានសរុបជាង៨៩ម៉ឺនតោន ដោយបាននាំចេញទៅប្រទេសវៀតណាមមានរហូត ៨៨ម៉ឺនតោន ខណៈនាំចេញទៅចិនជិត ៤ពាន់តោន និងប្រទេសថៃជាង ៣ពាន់តោន។

 


ជាការលើកកម្ពស់ទៅដល់ឧស្សាហកម្មផលិតគ្រាប់ស្វាយចន្ទីនេះ បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបាននឹងកំពុងតែរៀបចំគោលនយោបាយស្វាយចន្ទីជាតិកម្ពុជា ដូចទៅនឹងគោលនយោបាយដំឡូងមីដែរ ដែលគោលនយោបាយនេះសង្ឃឹមជឿជាក់ថា នឹងជួយឲ្យកាន់តែប្រសើរឡើងសម្រាប់ឧស្សាហកម្មមួយនេះ ខណៈបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់១០ផងនោះ។

 


លោកវ៉ា រុតសាន សង្ឃឹមជឿជាក់ថា នៅក្នុងរយៈពេល៥ ឆ្នាំខាងមុខផ្អែកតាមសេចក្តីព្រាងគោលនយោបាយស្វាយចន្ទីធ្វើយ៉ាងណាជំរុញឲ្យផលិតផលស្វាយចន្ទីខ្មែរដែលមានអាចបញ្ចូលនៅក្នុងផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកឲ្យកើនដល់២០ភាគរយ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024