ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តម្រូវការប្រើប្រាស់ដែក នៅក្នុងប្រទេសថៃ នៅតែបន្តកើនឡើងខ្ពស់

២១ តុលា ២០២១ | សេដ្ឋកិច្ច



សហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនឹងមេរោគកូវីដ១៩ ធ្ងន់ធ្ងរក៏ដោយ តម្រូវការប្រើប្រាស់ដែកនៅក្នុងប្រទេសថៃ នៅតែរក្សាភាពរឹងម៉ាំ និងកើនឡើងខ្ពស់រង្វង់ ១៨% ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២១នេះ ពោលគឺប្រមាណ១៣លានតោន។ នេះបើយោងតាមការចេញផ្សាយ កាលពីពេលថ្មីៗនេះ ដោយសារព័ត៌មាន Bangkok Post។

 


ប្រភពដដែលបានពន្យល់ តម្រូវការប្រើប្រាស់ដែក នៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលថៃ បានរុញច្រាននូវ កំណើននេះ តែយ៉ាងណា ការប្រើប្រាស់ដែករបស់គម្រោងវិនិយោគឯកជន និងសំណង់ មានការធ្លាក់ចុះខ្លាំង ជាពិសេសនៅក្នុងខែកក្កដា ដែលមានការបិទខ្ទប់កន្លែងស្នាក់នៅរបស់កម្មករសំណង់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។


ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថែប បានលើកឡើងថា ភាពប្រសើរឡើងវិញនៃ ឧស្សាហកម្មផលិតរថយន្ត ក៏បានផ្តល់ប្រយោជន៍ច្រើនដល់ ឧស្សាហកម្មដែក និងដែកថែបផងដែរ ជាពិសេសរោងចក្រកផលិតរថយន្តក្នុងស្រុក ដែលដើរតាមផែនការ «Made in Thailand» ជម្រុញដោយរាជរដ្ឋាភិបាលថៃ ក្នុងការប្រើប្រាស់រថយន្តផលិតក្នុងស្រុក។


យ៉ាងណាមិញ អត្រានៃការប្រើប្រាស់សមត្ថភាពផលិតដែករបស់ថៃ គឺស្ថិតនៅកម្រិត ៣៤% ប៉ុណ្ណោះ ពោលគឺ ថៃ  អាចពង្រីកផលិតកម្មកាន់តែធំជាងនេះ ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងតម្រូវការនៅលើទីផ្សារសកលលោក។


អំឡុងពេល ៨ខែនេះ ការនាំចេញដែករបស់ថៃ ទៅកាន់ទីផ្សារបរទេស ជាពិសេសអាមេរិក និងអឺរ៉ុប គឺមានទំហំជាង ៩សែនតោន មានកំណើន ៣៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


លើសពីនេះ ក្លឹបឧស្សាហកម្មដែក និងដែកថែបថៃ បានធ្វើការប៉ាន់ប្រមាណថា តម្រូវការប្រើប្រាស់ដែកក្នុងស្រុក នឹងកើនឡើងដល់ ១៨លានតោន ក្នុងឆ្នាំ ២០២១នេះ។


សូមជម្រាបដែរថា តម្រូវការប្រើប្រាស់ដែកនៅលើទីផ្សារសកលលោក ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានជាង ១ពាន់ ៨រយលានតោន ក្នុងឆ្នាំ ២០២១នេះ ដែលមានកំណើន ៥% ធៀបនឹងឆ្នាំ ២០២០ ហើយក្នុងនោះ ប្រទេសចិន អាចនឹងប្រើប្រាស់ដែកច្រើនជាងគេបំផុតប្រមាណ ១ពាន់លានតោន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024