ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាម គ្រោងសាងសង់ផ្លូវដែកបន្ថែមថ្មី ៩ខ្សែ ត្រឹមឆ្នាំ ២០៣០

២១ តុលា ២០២១ | សេដ្ឋកិច្ច


ប្រទេសវៀតណាម បានបង្ហាញពីផែនការសាងសង់ផ្លូវដែកថ្មីចំនួន ៩ខ្សែ ដែលមានប្រវែងសរុបជាង ២ពាន់ ៣រយគីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ខាងមុខ ហើយក៏មានគម្រោងកែលម្អផ្លូវដែកដែលហួសសម័យផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។សម្រាប់គម្រោងខាងលើនេះ ត្រូវការដើមទុនប្រមាណ ១០លានដុល្លារអាមេរិក ដែលអាចនឹងប្រើប្រាស់ថវិការដ្ឋ និងទុនវិនិយោគរបស់ វិនិយោគិនឯកជន។

 

 

រដ្ឋាភិបាលវៀតណាម បានអនុម័តទៅលើគម្រោងឆ្នាំ ២០២១-២០៣០រួចហើយ ដែលផ្លូវរថភ្លើងធំជាងគេបង្អស់ គឺរត់រវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលមានប្រវែងប្រមាណ ១ពាន់ ៥រយគីឡូម៉ែត្រ។


ក្រសួងដឹកជញ្ជូនវៀតណាម ក៏បានស្នើដល់រដ្ឋាភិបាលវៀតណាម ក្នុងការផ្តល់អាទិភាពដល់ ផ្លូវថ្មីបន្ថែម ២ខ្សែ តភ្ជាប់រវាងទីក្រុងហាណូយ និងតំបន់ភាគកណ្តាលទីក្រុង វីញ និងតភ្ជាប់រវាងទីក្រុងហូជីមិញ និងទីក្រុង ញ៉ាត្រាង។


យ៉ាងណាមិញ ៣ខ្សែទៀត ស្ថិតនៅក្នុងភាគខាងជើង និង ៤ខ្សែនៅភាគខាងត្បូង ដែលតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ និងព្រំប្រទល់ជាមួយប្រទេសក្បែរខាង។


ត្រឹមឆ្នាំ ២០៣០ខាងមុខ វិស័យផ្លូវដែកវៀតណាម រំពឹងនឹងអាចដឹកជញ្ជូនទំនិញ ១១លានតោន ក្នុងមួយឆ្នាំ និងដឹកអ្នកដំណើរ ៤៦០លាននាក់។សូមជម្រាបថា នៅត្រឹមឆ្នាំ ២០៥០ វៀតណាម ដាក់គោលដៅបង្កើតឲ្យមានផ្លូវដែក ២៥ខ្សែ ប្រវែង ៦ពាន់ ៣រយគីឡូម៉ែត្រ ខណៈបច្ចុប្បន្ននេះ មានត្រឹម ៧ខ្សែ ប្រវែងជាង ២ពាន់គីឡូម៉ែត្រ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024