ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ប្តេជ្ញាលើកម្ពស់ចីរភាពក្នុងច្បាប់វិនិយោគថ្មី សំដៅជម្រុញទាក់ទាញការវិនិយោគបន្ថែមនៅកម្ពុជា

២០ តុលា ២០២១ | សេដ្ឋកិច្ច



រាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ ២០២១ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកម្ពស់ចីរភាពក្នុងច្បាប់វិនិយោគថ្មី សំដៅជំរុញទាក់ទាញការវិនិយោគបន្ថែមនៅកម្ពុជា។


ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាគឺប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខណ្ឌការលើកទឹកចិត្តឆ្លាតវៃត្រូវបានដាក់បញ្ចូលក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគបន្ថែបនៅកម្ពុជា។


ឯកឧត្តមបន្តអះអាងថា ឆ្នាំនេះកម្ពុជាក៏បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពផងដែរ ដូច្នេះវិនិយោគិនអាចចុះកិច្ចសន្យានៃដំណើរការវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកដែលកំពុងប្រតិបត្តិការក្នុងស្រុកបាន។ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ១៣៤គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣ពាន់លានដុល្លារ។

 

ក្នុងចំណោមនោះការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ជាង ១០០ ក្រោមទុនវិនិយោគជាង  ១ពាន់៤រយលានដុល្លារ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស មាន ៣៣គម្រោង ស្មើនឹងទឹកប្រាក់ ជាង១ពាន់៩រយលានដុល្លារ។ និងក្នុងនោះគម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

 


ឯកឧត្តម សុខ ចិន្តាសោភា បានអះអាងនៅក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ បន្ថែមទៀតថា ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាច្រើន ដែលបណ្តាលមកពីបម្រែបម្រួលឧស្សាហកម្ម បច្ចេកវិទ្យា ការអភិវឌ្ឍន៍សង្គម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរីករាលដាល់ជំងឺកូវីដ ១៩។ ដូច្នេះការវិនិយោគអន្តរជាតិអាចចងសម្ព័ន្ធរួមគ្នា និងពង្រឹងសេដ្ឋកិច្ចក្នុងកាលៈទេសៈនេះ សំដៅធ្វើឲ្យសហគមន៍សកលកាន់តែរឹងមាំ។

 


ឯកឧត្តម បានលើកឡើងបន្តទៀតថា លំហូរទុនវិនិយោគអន្តរជាតិមានការផ្លាស់ប្តូរដោយការវិនិយោគផ្ទាល់មានការថយចុះជាង៣៥ ភាគរយ ទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលធ្វើឲ្យការរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះជួបប្រឈមនឹងហានិភ័យ។

 


តែជាការល្អដែរក្នុងពេលជាមួយគ្នានេះ ក៏មានហិរញ្ញប្បទានរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់សម្រាប់ការស្ទុះងើបឡើងវិញនៃការវិនិយោគផ្ទាល់ពីបរទេសថ្មី ប្រសិនបើគោលនយោបាយ និងវិធានការនានាត្រូវបានអនុវត្តផងនោះ៕

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024