ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៧ពាន់លានដុល្លារ ក្នុង ៣ត្រីមាស

២០ តុលា ២០២១ | សេដ្ឋកិច្ច


របាយការណ៍ពី អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល ៩ខែ ដើមឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម សម្រេចបានជាង ៧ពាន់ ២រយលានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៩០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយនៅលើ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

ប្រភពដដែលនេះ បានគូសបញ្ជាក់ទៀតថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម មានជាង ៣ពាន់ ៧រយលានដុល្លារអាមេរិក ដែលមានកំណើនសឹងតែ ៤ដង ប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២០។


អំឡុងពេល ៩ខែនេះ ប្រទេសកម្ពុជា បានជម្រុញការនាំចេញបន្លែ ផ្លែឈើ កើនឡើង ៦១%, ស្វាយចន្ទី សណ្តែក និងកៅស៊ូ កើនឡើងខ្ពស់ៗដូចៗគ្នា។
ដោយឡែកចំពោះគម្រោងវិនិយោគរបស់វៀតណាម នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងកសិកម្មគ្រាប់ស្វាយចន្ទី និងការដាំដុះកៅស៊ូ មានជាង ២ពាន់ ៨រយលានដុល្លារអាមេរិក។


ប្រភពដដែលនេះ បានបញ្ជាក់ថា អាជីវកម្មវៀតណាម ដែលវិនិយោគក្នុងប្រទេសកម្ពុជា គឺដើម្បីទាញយកប្រយោជន៍ពី ថ្លៃឈ្នួលពលកម្មទាប និងមានបរិយាកាសអំណោយផលដូចជា ដី អាកាសធាតុ និងការលើកទឹកចិត្តផ្សេងៗ។

 


សូមជម្រាបថា បើតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញដែរថា ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជា ទាក់ទាញការវិនិយោគរបស់វៀតណាម ប្រមាណជិត ៩០លានដុល្លារអាមេរិក៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024