ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជាសម្រេចការនាំចេញផ្លែចេកស្រស់ កើនជាង ៤៦ភាគរយក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ នេះ

១៥ តុលា ២០២១ | សេដ្ឋកិច្ច

 

ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ នេះ កម្ពុជាសម្រេចការនាំចេញផ្លែចេកស្រស់ ប្រមាណ ៣៤ ម៉ឺន៣ពាន់៨១២ តោន កើនឡើងជាង ៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។


របាយការណ៍ក្រសួងកសិកម្មក្នុងចំណោមផ្លែចេកស្រស់នេះត្រូវបាននាំចេញទៅកាន់គោលដៅប្រទេសចិនចំនួន ៣០ ម៉ឺន១ពាន់ តោន ប្រទេសវៀតណាមចំនួន ៤ ម៉ឺន១ពាន់តោន ជប៉ុនជាង ៥៣៣ តោន និងប្រទេសសិង្ហបុរីជាង ៤៨០តោន។  

       
លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture ដែលវិនិយោគលើចម្ការចេកទំហំ រាប់រយ ហិកតា នៅខេត្តកំពតបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១ នេះគឺមានដំណឹងល្អចំពោះការវិនិយោគលើដំណាំចេកដែលរាប់ទាំងទិន្នផលប្រមូលបាន និងបរិមាណនៃការនាំចេញមានសន្ទុះកើនឡើងខ្លាំងធៀបនឹងឆ្នាំកន្លងទៅ។

 


សូមជម្រាបថា ផ្លែចេកស្រស់របស់កម្ពុជានាំចេញទៅទីផ្សារចិនបានបង្ហាញនូវកំណើនយ៉ាងរហ័សចាប់តាំងពីប្រទេសយក្សក្នុងតំបន់អាស៊ីខាងកើត១នេះយល់ព្រមឲ្យមានការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារខ្លួនកាលពីឆ្នាំ ២០១៩ ក្រោយពីការចរចាអស់រយៈពេលយ៉ាងយូរ និងក្រុមហ៊ុនរបស់ចិនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកវិនិយោគលើការដាំដុះចេកអំបូងលឿងលើទឹកដីកម្ពុជា។

 


លោក ហ៊ុន ឡាក់ បានឲ្យដឹងទៀតថា តាមគម្រោងផែនការក្រុមហ៊ុនលោកគ្រោងនឹងពង្រីកការដាំចេកបន្ថែម២០០ ហិកតាទៀត ខណៈដែលផ្ទៃដីជាង ៤០០ ហិកតា បានប្រមូលផលកាលពីឆ្នាំ ២០១៩ ដោយបាននាំចេញផ្លែចេកនេះទៅប្រទេស ចិន សម្រេចបានជាង ២ម៉ឺនតោន។ ប៉ុន្តែយ៉ាងណាចំពោះផែនការពង្រីកការវិនិយោកបន្ថែមនេះគឺស្ថិតនៅក្នុងភាពប្រយ័ត្នប្រយែងខ្ពស់នៃប្រកួតប្រជែងអ្នកវិនិយោគផ្សេងទៀត និងនៅតែបន្តឃ្លំាមើលអំស្ថិរភាពទីផ្សារផងដែរ។

 



សូមជម្រាបថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះដែរ លទ្ធផលនៃការនាំចេញកសិផលកម្ពុជា ទៅកាន់គោលដៅ ៩០ ប្រទេស សម្រេចបានជិត ៦លានតោន ដោយក្នុងនោះនាំចេញទៅ វៀតណាមជាង ៦៤ភាគរយ ថៃជាង ២១ភាគរយ ចិនជាង ៩ភាគរយ និងគោលដៅប្រទេស ៨៧ ផ្សេងទៀតជាង ៤ភាគរយតែប៉ុណ្ណោះ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024