ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាម ចាប់ផ្តើមចំណាយរាប់ពាន់លានដុល្លារ ទៅលើវិស័យថាមពល

១៥ តុលា ២០២១ | សេដ្ឋកិច្ច



នៅក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍន៍វិស័យថាមពលទី ៨ របស់រដ្ឋាភិបាលវៀតណាម បានបង្ហាញថា វៀតណាម គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍ទៅលើ ការបង្កើត និងបញ្ជូនអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 


នៅក្នុងសេចក្តីព្រាងដែល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់ស្នើទៅ រដ្ឋាភិបាលវៀតណាម បានប៉ាន់ប្រមាណថា វៀតណាម ត្រូវការទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍បង្កើតអគ្គិសនី ដែលចំណាយរង្វង់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងអភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គិសនី ដែលចំណាយប្រមាណ ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។


ផែនការអភិវឌ្ឍន៍វិស័យថាមពលរបស់វៀតណាម មានបំណងលើកទឹកចិត្តដល់ការវិនិយោគនៅក្នុងថាមពលកកើតឡើងវិញ ដោយក្នុងនោះ មានគោលដៅផលិតថាមពលកកើតឡើងវិញ ចេញពីថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ឲ្យបាន ១១% ទៅ ១៣% នៃទិន្នផលអគ្គិសនីសរុប ត្រឹមឆ្នាំ ២០៣០ ហើយបន្តជម្រុញឲ្យកើនដល់ ២៦% ត្រឹមឆ្នាំ ២០៤៥។


ផែនការនេះ ក៏បានប៉ាន់ស្មានការចំណាយប្រមាណ ១២ពាន់លានដុល្លារអាមេរិក ទៅ ១៥ពាន់លានដុល្លារអាមេរិក សម្រាប់ការបង្កើតអគ្គិសនី និងការបញ្ជូនអគ្គិសនីនៅចន្លោះឆ្នាំ ២០៣១ និងឆ្នាំ ២០៤០។


លើសពីនេះ វៀតណាម នឹងបញ្ឈប់ការអនុវត្តគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមិនទទួលបានការគាំទ្រពី ប្រជាជនក្នុងស្រុក បើទោះបីជាគម្រោងនេះ ស្ថិតក្នុងផែនការថ្នាក់ជាតិ និងរៀបចំសាងសង់ក៏ដោយ ហើយវៀតណាម នឹងប្រើប្រាស់ធ្យូងថ្មក្នុងស្រុក និងធ្យូងថ្មនាំចូលដែលមានស្រាប់ ដើម្បីប្រើប្រាស់នៅក្នុង ស្ថានីយ៍អគ្គិសនី នាពេលបច្ចុប្បន្ន។


សូមជម្រាបដែរថា បើសិនជា ផែនការបង្កើតអគ្គិសនីនេះ ដំណើរការទៅយ៉ាងរលូន ប្រទេសវៀតណាម នឹងមានសមត្ថភាពផលិតអគ្គិសនីបាន ១សែន ៣ម៉ឺនមេហ្គាវ៉ាត់ ត្រឹមឆ្នាំ ២០៣០ និងកើនដល់ ២សែន ៦ម៉ឺនមេហ្គាវ៉ាត់ ត្រឹមឆ្នាំ ២០៤៥៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024