ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលវៀតណាម ចំណាយលើសពាក់កណ្តាលនៃថវិកាសម្រាប់ប្រឆាំងកូវីដ១៩

២៤ កញ្ញា ២០២១ | សេដ្ឋកិច្ច


គិតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាម បានចំណាយប្រាក់ប្រមាណ ៤ពាន់ ៤រយលានដុល្លារអាមេរិក ឬស្មើនឹងជាង ៥២% នៃថវិកាសម្រាប់ប្រឆាំងកូវីដ១៩ ដោយជាការចំណាយសំខាន់ៗ ទៅលើ វិធានការប្រឆាំងមេរោគកូវីដ១៩ ការទិញវ៉ាក់សាំង និងគាំទ្រដល់អាជីវកម្មដែលរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 


បើតាមក្រសួងហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ប្រាក់ចំណាយខាងលើនេះ គឺរាប់បញ្ចូលទាំងទឹកប្រាក់ជាង ៦៤០លានដុល្លារអាមេរិក ដែលរដ្ឋសភាជាតិវៀតណាម ទើបតែសម្រេចកាលពីដើមសប្តាហ៍នេះ ដើម្បីបំពេញទៅលើការចំណាយសម្រាប់កូវីដ១៩ តាមការស្នើសុំរបស់រដ្ឋាភិបាល។


ក្រសួងហិរញ្ញវត្ថុវៀតណាម បានបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាម នៅសល់ថវិកាជាង ២ពាន់លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹង មេរោគរាតត្បាតកូវីដ១៩ ហើយក្រសួង បានប៉ាន់ប្រមាណថា វៀតណាម ត្រូវការចំណាយប្រមាណ ១ពាន់ ៧រយលានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ពេលដ៏ខ្លីខាងមុខ។


លើសពីនេះ ៩០% អាជ្ញាធរក្នុងស្រុក បានចំណាយសឹងតែទាំងអស់នៃ ថវិកាដែលពួកគេទទួលបាន ដើម្បីប្រយុទ្ធនឹង មេរោគកូវីដ១៩ ហើយពួកគេក៏បន្តសុំការគាំទ្របន្ថែមពី រដ្ឋាភិបាលវៀតណាម។


ដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាម ក៏បានសម្រួលដល់ ការកាត់បន្ថយបន្ទុកពន្ធ កាត់បន្ថយថ្លៃប្រើប្រាស់ដីធ្លី និងពន្យារពេលសងត្រលប់បំណុល សម្រាប់ក្រុមហ៊ុនសហគ្រាសដែលរងគ្រោះដោយសារមេរោគកូវីដ១៩។


ចំពោះវិស័យធំៗ ដែលរងប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ ដូចជាវិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន អាចនឹងទទួលបាន ការលើកលែងពន្ធអាករបន្ថែម ពីលើការគាំទ្រដទៃទៀត ហើយរដ្ឋាភិបាលវៀតណាម ក៏បានត្រៀមកញ្ចប់ថវិកាពិសេសជាង ៨០០លានដុល្លារ ដើម្បីជួយដល់ អាជីវកម្ម ដែលជួបប្រទះនូវ បញ្ហាដ៏ដុនដាប។


លើសពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើដល់ រដ្ឋាភិបាលវៀតណាម កាត់បន្ថយពន្ធ និងថ្លៃសេវានានា ៥០% សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលរកប្រាក់ចំណូលបានទាបជាង ៨លានដុល្លារក្នុងមួយឆ្នាំ។


សូមជម្រាបដែរថា ចំពោះធនាគារពាណិជ្ជសំខាន់ៗ ដែលមានភាគហ៊ុនរបស់រដ្ឋ ក៏បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ សម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់នៅក្នុងតំបន់សំខាន់ៗ ហើយថ្លៃសេវាកម្មធនាគារផ្សេងៗ អាចនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃថែមទៀតផង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024