ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សមាគមវារីវប្បករនៅកម្ពុជាលើកទឹកចិត្តអ្នកចិញ្ចឹមត្រីក្នុងស្រុកពង្រឹងគុណភាព ធានាការផ្គត់ផ្គង់ និងពង្រីកទីផ្សារប្រកួតប្រជែង

២៣ កញ្ញា ២០២១ | សេដ្ឋកិច្ច

 

សមាគមវារីវប្បករនៅកម្ពុជាលើកទឹកចិត្តដល់បងប្អូនវារីវប្បករកម្ពុជាទាំងអស់ធានាឱ្យ បាននូវស្តង់ដារខ្ពស់ក្នុងការចិញ្ចឹមត្រីដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្គត់ផ្គង់ត្រីសម្រាប់ ទីផ្សារក្នុងស្រុក និងការនាំចេញ។ 


សមាគវារីវប្បករកម្ពុជាលើកឡើងដូច្នេះបន្ទាប់ពីមើលឃើញថាវិស័យចិញ្ចឹមត្រីនេះត្រូវបានទទួលការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបច្ចុប្បន្ននេះផងដែរសមាគមវារីវប្បករនៅកម្ពុជា ក៏កំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ឱកាសទីផ្សារត្រីចិញ្ចឹមក្នុងស្រុកឲ្យកាន់តែច្រើនជាងមុន។


លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជាបានអះអាងថា បើទោះជាបច្ចុប្បន្នទីផ្សារនៃការចិញ្ចឹមត្រីជួបបញ្ហាប្រឈមខ្លះៗដោយសាបញ្ហាកូវីដ ១៩ក៏ដោយ តែក្នុងនាមជាអ្នកចិញ្ចឹមត្រូវតែពង្រឹងការចិញ្ចឹមត្រីរបស់ខ្លួនឲ្យមានស្តង់ដាដើម្បីជាការពង្រឹងសមត្ថភាពប្រកួតប្រជែងផ្គត់ផ្គង់ត្រីសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ 


ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែនមានជំនឿយ៉ាងមុតមាំថា វិស័យវារីវប្បកម្មនៅកម្ពុជានឹងកាន់តែរីក ចម្រើននាពេលអនាគត ប្រសិនបើបងប្អូនវារីវប្បករម្នាក់ៗបន្តការខិតខំប្រឹងប្រែង និងផ្តោតចំបងលើស្តង់ដារនៃការចិញ្ចឹម។

 

បើតាមលោក សុខ រ៉ាដែនគិតមកដល់ពេលនេះមានវារីវប្បករដែលបានចុញបញ្ជីបានប្រមានជាង ៤០០ កសិដ្ឋានហើយ ហើយចំនួនអ្នកចិញ្ចឹមអាចនិងបន្តកើនឡើងថែមទៀត ខណៈអ្នកដែលមិនទាន់ចុះបញ្ជីកំពុងរៀបចំខ្លួនទៅចុះបញ្ជីបបន្តបន្ទាប់ផងដែរ។

 


លោក សុខ រ៉ាដែន បានអះអាងបន្តថា ការផ្គត់ផ្គង់ត្រីនៅកម្ពុជាខាងអ្នកចិញ្ចឹមក្នុងស្រុកគឺមានសមត្ថភាពផ្គត់ផ្គង់បានពេញលេញទូទាំងប្រទេស ដោយយ៉ាងហោចណាស់ក្នុង១ខែ អ្នកចិញ្ចឹមត្រីក្នុងស្រុកគឺអាចផ្គត់ផ្គង់បានប្រមាណ៤០០តោន៕
 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024