ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

គិតត្រឹមឆមាសទី១ ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ពុំទាន់មានការបិទទ្វារអាជីវកម្មនោះទេ តែរស់នៅក្នុងស្ថានភាពលំបាកបំផុត

២១ កក្កដា ២០២១ | សេដ្ឋកិច្ច

បើទោះបីជា វិស័យអាកាសចរណ៍នៅកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិជម្ងឺកូវីដ១៩ ក៏ដោយ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២១នេះ ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ពុំទាន់មានការបិទទ្វារអាជីវកម្មនោះទេ ដោយពួកគេខិតខំរស់នៅក្នុងស្ថានភាពលំបាកបំផុត។ នេះបើយោងតាមអ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍អះអាងបញ្ជាក់ប្រាប់ ភីអិនអិន នៅថ្ងៃនេះ។


ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិនថា គិតមកទល់នឹងពេលនេះ នៅកម្ពុជា ពុំទាន់មានក្រុមហ៊ុនណាមួយ ប្រកាសក្ស័យធនបិទទ្វារអាជីវកម្មនោះឡើយ ដោយពួកគេខិតខំរស់នៅបន្តទាំងត្រដរ។

 


ទាក់ទងទៅនឹងចំនួនបុគ្គលិក ក្នុងវិស័យអាកាសចរណ៍ ឯកឧត្តម ពន្យល់ថា នៅក្នុងវិស័យនេះ គឺមានការកាត់បន្ថយបុគ្គលិកគ្រប់ផ្នែក លើកលែងតែផ្នែកបញ្ជាការហោះហើរប៉ុណ្ណោះ ហើយការកាត់បន្ថយបុគ្គលិកនេះទៀតសោត គឺធ្វើទៅតាមផែនការរបស់ក្រុមហ៊ុន ដែលរួមមានការដាក់ឲ្យបុគ្គលចូលនិវត្តន៍ និងមានសំណងតាមផ្លូវច្បាប់ជាដើម។ តាមការសន្មត់ជារួម គឺមានការកាត់បន្ថយបុគ្គលិកប្រមាណ ៦០% ទៅ ៧០% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។

 


ដោយឡែក បើតាមរបាយការណ៍ពី ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ចំនួនអ្នកដំណើរ ដែលបានធ្វើដំណើរតាមផ្លូវអាកាស មកកាន់ប្រទេសកម្ពុជា មានជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ ដែលចំនួននេះមានការធ្លាក់ចុះដល់ទៅ ៩៣% បើធៀបនឹងពេលដូចគ្នា ឆ្នាំ ២០២០។ 

 


សូមបន្ថែមថា ការទទួលអ្នកដំណើររបស់ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា គឺមានការធ្លាក់ចុះដូចៗគ្នា ក្នុងនោះ អាកាសយានដ្ឋានភ្នំពេញ ទទួលបានអ្នកដំណើរជាង ១២ម៉ឺននាក់ ធ្លាក់ចុះ ៨៩% អាកាសយានដ្ឋានសៀមរាប ទទួលបានត្រឹមតែ ៣៥៩នាក់ ធ្លាក់ចុះ ៩៩% និងអាកាសយានដ្ឋានព្រះសីហនុ ទទួលបានជាង ១ម៉ឺន ៥ពាន់នាក់ ធ្លាក់ចុះ ៩១%៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024