ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ថៃ អាចនឹងសម្រេចកំណើន ៥% នៅត្រីមាសទី ៤ ឆ្នាំនេះ បើផែនការចាក់វ៉ាក់សាំងជោគជ័យ

១២ មិថុនា ២០២១ | សេដ្ឋកិច្ច

មជ្ឈមណ្ឌលស្រាវជ្រាវកសិកន បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ អាចនឹងសម្រេចបាននូវកំណើន ៥% បើសិនជា រលកឆ្លងមេរោគកូវីដ បញ្ចប់ក្នុងខែកក្កដា ហើយផែនការចាក់វ៉ាក់សាំង អាចសម្រេចបាន ៤សែនដូស ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។


នាយកគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវកសិកន បានគូសបញ្ជាក់ថា បើសិនជាផែនការចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាលថៃ ដែលកំណត់ ៤សែនដូសក្នុងមួយថ្ងៃ ទទួលបានជោគជ័យនោះ រលកឆ្លងទី ៣ នៃមេរោគកូវីដ១៩ ក៏រំពឹងនឹងបញ្ចប់ក្នុងខែកក្កដាខាងមុខនេះដែរ។


បើសិនជា រាជរដ្ឋាភិបាលថៃ អាចរក្សាបាននូវល្បឿននៃការចាក់វ៉ាក់សាំងនេះ គឺអាចសម្រេចទៅតាមគោលដៅកំណត់ ១០០លានដូស ក្នុងឆ្នាំ ២០២១នេះ តែការសម្រេចគោលដៅនេះ ទាមទារមិនឲ្យមានការផ្ទុះឆ្លងរលកថ្មីនោះទេ។


ការព្យាករណ៍បានបង្ហាញទៀតថា ល្បឿននៃការចាក់វ៉ាក់សាំងនេះ នឹងជម្រុញកំណើនសេដ្ឋកិច្ចថៃ ៥% នៅក្នុងត្រីមាសទី ៤ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០កន្លងទៅ។


យ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ២,៦% នៅក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ នឹងអាចបន្តធ្លាក់ចុះ ១% នៅក្នុងត្រីមាសទី ២ ហើយរំពឹងនឹងប្រសើរឡើងវិញនៅក្នុងត្រីមាសទី ៣។


មជ្ឈមណ្ឌលស្រាវជ្រាវកសិកន ក៏បានតម្លើងការព្យាករណ៍អំពីកំណើននៃការនាំចេញទំនិញរបស់ថៃ ថាអាចនឹងសម្រេចបាន ៩% ដោយសារតែសេដ្ឋកិច្ចសកលចាប់ផ្តើមប្រសើរជាងមុន ហើយការនាំចូលវិញ ក៏កើនឡើង ១៥% ផងដែរ។


មន្រ្តីជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងសម្រេចបាននូវកំណើន ២% ក្នុងឆ្នាំ ២០២១នេះ បើសិនជា ផែនការចាក់វ៉ាក់សាំង ១០០លានដូស នៅក្នុងឆ្នាំ ២០២១ សម្រេចបានដោយជោគជ័យ តែបើមិនទទួលបានជោគជ័យនោះទេ សេដ្ឋកិច្ចថៃ អាចនឹងមានកំណើនត្រឹមតែ ១% ប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ។

 


សូមជម្រាបដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានអះអាងថា ការផ្ទុះឡើងនូវរលកកូវីដទី ២ កាលពីចុងឆ្នាំ ២០២០ គួបផ្សំនឹងរលកទី ៣ នៅក្នុងខែមេសា ឆ្នាំ ២០២១នេះ បានធ្វើឲ្យភ្នាក់ងាររាជរដ្ឋាភិបាលថៃមួយនេះ ទម្លាក់ការព្យាករណ៍មកត្រឹម វិជ្ជមានជាមធ្យម ២% ទាបជាងការព្យាករណ៍កាលពីពេលមុន ដែលរំពឹងនឹងមានកំណើនដល់ទៅ ៦%៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024