ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរំឭកជាថ្មីបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នា ហើយរកម្ចាស់ដើមមិនឃើញ ត្រូវប្រញាប់មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឲ្យបានលឿនបំផុតមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុគ្រោះលើមធ្យាបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំងឡាយណា ដែលមកស្នើសុំផ្ទេរកម្មសិទ្ធពីម្ចាស់ដើមកមកឈ្មោះរបស់ខ្លួន ដែលកំពុងកាន់កាប់ផ្ទាល់។
ការសម្រេចនេះ គឺជាការអនុគ្រោះឲ្យបង់ពន្ធលើមធ្យាបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន ៣ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ២០១៧-២០១៩ ដោយមានការលើកលែងប្រាក់ពិន័យទោសទណ្ឌលើរថយន្តមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទពីមុនមក នៅពេលម្ចាស់យានយន្តដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្ត។
តែយ៉ាងណា ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ការអនុគ្រោះ និងការលើកលែងនេះ អនុវត្តចំពោះតែយានយន្តណា ដែលបានស្នើសុំផ្ទេរកម្មសិទ្ធ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕
អត្ថបទ៖ អឿន ភារ៉ា