ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងសាធារណការ នឹងយកគ្រឿងចក្រ ដែលជាជំនួយរបស់ជប៉ុន ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវ ៣៨​ខ្សែ នៅក្រុងសៀមរាប

១៣ តុលា ២០២០ | ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រគល់គ្រឿងចក្រសាងសង់ចំនួន១៥គ្រឿង ដល់កម្ពុជា។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងយកគ្រឿងចក្រទាំងនេះ ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវ៣៨​ខ្សែនៅក្រុងសៀមរាប និងគម្រោងសាងសង់ផ្លូវអាទិភាពនានា។

 

 

ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែតុលានេះ ​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គ្រឿងចក្រទាំងនេះ នឹងយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា ផ្លូវដែលទទួលរងនូវការខូចខាតខ្លាំង ដោយកត្តាផ្សេងៗ រួមមានការដឹកជញ្ជូនលើកទម្ងន់កំណត់ និងប្រើប្រាស់ចំពោះផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ឲ្យសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព។

 

 

នៅចំពោះមុខឯកអគ្គរាជទូតជប៉ុន និងមន្ត្រីជាច្រើនរូប ឯកឧត្តម ស៊ុន ចាន់ថុល ​បានបញ្ជាក់ថា បើទោះបីជាពិភពលោករួមទាំងកម្ពុជាត្រូវបានយាយីដោយជំងឺកូវីដ១៩ក៏ដោយ ក៏ជំងឺនេះមិនបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនៅកម្ពុជានោះទេ។ ជាក់ស្តែង គ្មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលផ្អាកសកម្មភាព ឬលុបចោលនោះទេ។

 

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ពិធីប្រគល់ទទួលនៅថ្ងៃនេះ ក៏ជាតឹកតាងនៃសកម្មភាពការងារ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលផ្តល់ឱកាសក្នុងការបន្តបេសកកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។

 

 

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា គ្រឿងចក្រសាងសង់ដែលបានផ្តល់ជូននេះ នឹងអាចជួយកាត់បន្ថយរយៈពេលនៃការងារជួសជុល និងរក្សាអាយុកាលផ្លូវថ្នល់ឲ្យកាន់តែយូរអង្វែង ក៏ដូចជារក្សាស្ថានភាពល្អរបស់ផ្លូវថ្នល់នៅកម្ពុជានាពេលអនាគតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា គ្រឿងចក្រទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរបន្ថែមទៀត។

 

 

គួរជម្រាបថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើន ក្នុងទិសដៅជំរុញ​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា។

 

 

បច្ចុប្បន្ននេះ ជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់​គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ចំនួន៧កន្លែង និងផ្លូវជាតិលេខ៥ កំពុងសាងសង់ក្នុងទំហំថវិកាសរុបជាង ៥០០លានដុល្លារអាមេរិក៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024