ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសាធារណការ សូមទោសទៅកាន់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវជាតិលេខ៣ កំពត-វាលរេញ

០៨ មិថុនា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការខ្មាស់អៀន និងសូមទោសទៅកាន់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។ កំណាត់ផ្លូវមួយខ្សែនេះ  ដែលធ្វើក្រោយ ខូចមុខ ធ្វើមុខ ខូចក្រោយ ជាប្រចាំ។  

 


កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដែលមានប្រវែងជាង ៥៤គីឡូម៉ែត្រ  ត្រូវបានស្ថាបនា និងលើកកម្ពស់គុណភាពជាច្រើនដងមកហើយ ប៉ុន្តែក្រោយពេលសាងសង់រួចប្រើមិនបានប៉ុន្មានផង ក៏ខូចទៅវិញដដែល។


ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការខ្មាស់អៀន និងសុំទោសទៅកាន់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវនេះ ដែលកំណាត់ផ្លូវមួយខ្សែនេះ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ  ខូចខួបរ៉ាំរៃអស់ជាច្រើនឆ្នាំ។ 

 


ក្នុងពេលចុះពិនិត្យស្ថានភាពផ្លូវកាលពីចុងសប្តាហ៍នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងកំណាត់ផ្លូវជាង ៥៤គីឡូម៉ែត្រនេះ គឺមានប្រវែងប្រមាណ ២០គីឡូម៉ែត្រ រងការខូចខាតខ្លាំង ក្នុងនោះ ១៥គីឡូម៉ែត្រ ដោយសារគ្រឹះមិនរឹងមាំ ខណៈ ៥គីឡូម៉ែត្រទៀត ជាប្រភេទដីស្អុយនៅខាងក្រោមជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមធ្វើឲ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។

 


បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ដើម្បីឲ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូចតទៅទៀត តាមលក្ខណៈបច្ចេកទេសត្រូវស្តារគ្រឹះឡើងវិញ ហើយកន្លែងដែលដីស្អុយខ្លាំងត្រូវបុកសសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់បេតុងពីលើកម្រាស់ ២តឹក៦ និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ និង ១៦ម៉ែត្រ។

 


តែយ៉ាងណា ក្រសួងមិនទាន់អាចដំណើរការសាងសង់តាមវិធីនេះបាននៅឡើយទេ ព្រោះត្រូវចំណាយថវិកាច្រើន។ ក្នុងដំណាល់កាលនេះ ផ្លូវនេះ ត្រូវជួសជុលថែរទាំឲ្យបានប្រើប្រាស់ជាបណ្តោះអាសន្នសិន ដោយចំណាយថវិការដ្ឋប្រមាណ ៧០ម៉ឺនដុល្លារ រហូតដល់ចុងឆ្នាំនេះ ទម្រាំងសិក្សាបច្ចេកទេសឲ្យបានចប់សព្វគ្រប់ និងរកថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីសាងសង់តាមលក្ខណៈបច្ចេកទេស លែងខូចតទៅទៀត៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024