ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

នៅដើមឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអនុវត្តការដកពិន្ទុអ្នកបើកបរល្មើសច្បាប់ ដើម្បីឈានទៅដកហូតសិទ្ធិបើកបរ

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសពីការអនុវត្តច្បាប់ដកពិន្ទុអ្នកបើកបរល្មើសច្បាប់ ដើម្បីឈានទៅដកហូតសិទ្ធិបើកបរ។ ឯកឧត្តមបានបញ្ជាក់ថា ការដកពិន្ទុអ្នកបើកបរល្មើសច្បាប់ នឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២២ ខាងមុខ។

 


ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យក្រុមការងារព័ត៌មានវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនរៀបចំប្រព័ន្ធអេប (App) ថ្មីតាមទូរស័ព្ទដៃ ដែលអាចដកពិន្ទុអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ឲ្យបានរួចរាល់យ៉ាងយូរនៅពាក់កណ្តាលឆ្នាំ២០២១នេះ។

 


ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលឆ្លងកាត់ការពិនិត្យ និងសម្រេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយនោះ ការដកពិន្ទុអ្នកបើកបរល្មើសច្បាប់ នឹងផ្តើមអនុវត្តនៅដើមឆ្នាំ២០២២តទៅ។


ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

 


គួរជម្រាបថា យោងតាមមាត្រា៦២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ហាញថា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើលសពី ៧ថ្ងៃ និងដកពិន្ទុដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះ ចំពោះបទល្មើសដូចជា៖ ១. បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។ ២. បើកបរដោយល្បឿនលើសចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅពីល្បឿន ដែលបានកំណត់ក្នុងច្បាប់នេះ (សំដៅក្នុងទីប្រជុំជន)។ ៣. មិនគោរពសិទ្ធិអាទិភាព។ ៤. មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។ និង៥. បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

 


របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ក្រុមប្រតិបត្តិការអនុវត្តច្បាប់បានត្រួតពិនិត្យយានយន្តជាង ១លាន៧សែនគ្រឿង ក្នុងនោះមានម៉ូតូ ៦៥ភាគរយ និងបានរកឃើញយានយន្តល្មើសជាង ៣៥ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូ ៦៧ភាគរយ។ ការរឹតបន្តឹងការអនុវត្តច្បាប់តាមរយៈការតម្លើងប្រាក់ផាកពិន័យ សមត្ថកិច្ចបានផាកពិន័យអ្នកបញ្ជាយានយន្តល្មើសច្បាប់ចរាចរណ៍ ទទួលបានទឹកប្រាក់ជាង ២៥ពាន់លានរៀល៕


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024