ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ហក់ឡើងក្នុងអត្រាជិត ១២០ភាគរយ កាលពីចុងសប្តាហ៍កន្លងទៅ

១១ ឧសភា ២០២១ | សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងក្នុងអត្រាជិត ១២០ភាគរយកាលពីចុងសប្តាហ៍មុន ក្រោយពីរដ្ឋាភិបាល សម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល។ 


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃទី១០ ខែឧសភា ថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ជិត ២ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិមានចំនួនលើសលុបជាង ១ម៉ឺន ៩ពាន់ នាក់ ខណៈភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។


ឯកឧត្តមបញ្ជាក់ថា ត្បិតតែភ្ញៀវទេសចរនៅពេលនេះទោះនៅមានចំនួនតិច ប៉ុន្តែមានការកើនឡើងខ្លះនៅតាមគោលដៅនានាពោលគឺបានកើនចំនួនប្រមាណ ១ម៉ឺន ៧៤៩ នាក់ ស្មើ ១២០ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ 


ឯកឧត្តមបន្តថា ភាគច្រើននៃភ្ញៀវគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តភាគច្រើនជាលក្ខណៈគ្រួសារ។ ខណៈភ្ញៀវទេសចរពីរាជធានីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើននៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។

 


យោងតាមលោក ថោង ខុន រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបើកដំណើរការឡើងវិញភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ និងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែលមានលក្ខណៈកែច្នៃបែបឯកជន ភាគច្រើនម្ចាស់រមណីយដ្ឋាននៅមិនទាន់បើកដំណើរវិញទេ។

 


ជាមួយគ្នានេះប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ដែរថា បន្ទាប់ពីវិធានការបិទខ្ទប់ និងការធ្វើដំណើរឆ្លងខេត្ត-ក្រុង ត្រូវបានបញ្ចប់ កំណើននៃការធ្វើដំណើរទៅកន្លែងកម្សាន្តនានាក្នុងប្រទេសពិតជាកើនគួរឱ្យកត់សម្គាល់ ពិសេសនៅតាមរមណីយដ្ឋានធម្មជាតិ។

 

 

ទោះបីភ្ញៀវនៅអំឡុងពេលនេះសុទ្ធតែជាអ្នកនៅក្នុងស្រុក និងមានចំនួនតិចបើធៀបនឹងមុនពេលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែវាពិតជារួមចំណែកក្នុងការធ្វើឱ្យវិស័យទេសចរណ៍អាចមានដំណើរការវិញខ្លះៗ។

 


បើតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២០ ភ្ញៀវទេសចរក្នុងស្រុកដែលធ្វើដំណើរទៅកម្សាន្តកន្លែងនានា ក្នុងប្រទេសមានចំនួនសរុបជាង ៧ លាននាក់ ធ្លាក់ចុះ ៣៦ ភាគរយ។ ចំណែកឯការចំណាយរបស់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២០ គឺមានចំនួនប្រមាណ ៤០០ លានដុល្លារ៕
 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024