ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អាជីវកម្មដឹកជញ្ជូន និងអាជីវកម្មផលិតក្នុងស្រុក ចាប់ផ្តើមដំណើរការល្អឡើងវិញ ក្រោយពី វិធានការបើកចរាចររាជធានី និងខេត្ត

១០ ឧសភា ២០២១ | សេដ្ឋកិច្ច

សមាគមភ័ស្តុភារកម្មកម្ពុជាបានឲ្យដឹងថា វិស័យដឹកជញ្ជូននៅកម្ពុជាចាប់ផ្តើមដំណើរការល្អបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីត្រូវបានអាក់ខានខ្លះនៅអំឡុងពេលបិទខ្ទប់ ប៉ុន្តែក៏មិនទាន់ល្អខ្លាំងដូចនៅអំឡុងពេលមុននៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ ១៩ នោះដែរ។

 

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ភីអិនអិនតាមប្រព័ន្ធតេលេក្រាមថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក ការដឹកជញ្ជូនទាំងអស់គឺត្រូវបានរាំងស្ទះខ្លាំង រហូតធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន ៩៩ភាគរយជួបបញ្ហា ប៉ុន្តែក្រោយពីបើកឲ្យមានការធ្វើដំណើរឡើងវិញរវាងភ្នំពេញ និងខេត្ត ធ្វើឲ្យដំណើរការដឹកជញ្ជូនងាកមករកភាពល្អប្រសើរឡើងវិញ តែក៏មិនទាន់ប្រសើរខ្លាំងដូចមុនពេលមិនទាន់មានជំងឺកូវីដ ១៩ នោះដែរ។

 

ជាមួយគ្នានេះ លោកជំទាវ កែវ មុំ អគ្គនាយិការក្រុមហ៊ុនផលិតនំស្រួយលីលីបានគូសបញ្ជាក់ថា ចាប់តាំងពីមានវិធានការបើកឲ្យដំណើរការឡើងវិញរវាងខេត្តនិងក្រុងមកដំណើរការផលិត រួមទាំងដំណើរការដឹកជញ្ជូនទំនិញនំស្រួយលីលីមានភាពងាយស្រួល និងបានបញ្ជូនទំនិញទៅតាមគោលដៅច្រើនជាងមុនដែរ។

 



លោកជំទាវ កែវ មុំ បានឲ្យដឹងទៀតថា ភ្លាមៗនេះសហគ្រាសផលិតនំស្រួយលីលី បានកំពុងប្រកាសជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីបង្កើនការផលិតឲ្យឆ្លើយតបតាមតម្រូវការក្នុងស្រុក និងការនាំចេញ ខណៈរោងចក្រផលិតនំទី១ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក១៥ ភាគរយ និងរោងចក្រទី២ គឺផលិតសម្រាប់ការនាំចេញ ១០០ភាគរយ ដែលពេលនេះអាចនិយាយបានថា បរិមាណនាំចេញហាក់ច្រើនជាងពីពេលមុន។

 


សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែឧសភា បានសម្រេចបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល៧ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលការបន្តសុពលភាពនេះបានធ្វើឲ្យដំណើរការបញ្ជូនទំនិញទៅតាមគោលដៅទាំងនេះនៅមិនទាន់ល្អទាំងស្រុងនៅឡើយ ពិសេសនៅតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់ម្តង៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024