ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វៀតណាម ជំនួសតំណែងចិន ជាអ្នកនាំចេញគ្រឿងសង្ហារឹមច្រើនជាងគេ ទៅកាន់អាមេរិក

១០ ឧសភា ២០២១ | សេដ្ឋកិច្ច


ប្រទេសវៀតណាម បានជំនួសតំណែងរបស់ប្រទេសចិន ក្នុងការនាំចេញគ្រឿងសង្ហារឹមច្រើនជាងគេបំផុត ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២០កន្លងទៅ ដោយវៀតណាម សម្រេចការនាំចេញគ្រឿងសង្ហារឹមជាង ៧ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើង ៣១% ខណៈ ប្រទេសចិន សម្រេចបានជាង ៧ពាន់ ៣រយលានដុល្លារអាមេរិក ធ្លាក់ចុះ ២៥%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។

 


នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ អាមេរិក បានដាក់សម្ពាធពន្ធដល់ទៅ ២៥% ទៅលើ ផលិតផលគ្រឿងសង្ហារឹមរបស់ប្រទេសចិន ជាច្រើនប្រភេទ ជាមូលហេតុបណ្តាលឲ្យ រោងចក្រផលិតគ្រឿងសង្ហារឹមចាកចេញពី ប្រទេសចិន ដោយមួយចំនួន បានផ្លាស់ប្តូរចូលមកកាន់ប្រទេសវៀតណាមវិញ។


នៅក្នុងឆ្នាំ ២០១៨ និង ២០១៩កន្លងទៅ ការនាំចេញគ្រឿងសង្ហារឹមរបស់វៀតណាម ទៅកាន់អាមេរិក មានកំណើនដល់ទៅ ២ខ្ទង់ ជារៀងរាល់ឆ្នាំ ហើយអំឡុងពេលនោះ ការនាំចេញរបស់ចិន ទៅកាន់អាមេរិក ក៏ធ្លាក់ចុះ ២ខ្ទង់ដូចគ្នាដែរ។


បើតាមទស្សនាវដ្តី Furniture Today របស់សហរដ្ឋអាមេរិក បានលើកឡើងថា មុខទំនិញសំខាន់ៗ ដែលមានការនាំចូលច្រើនពី វៀតណាម មកកាន់ អាមេរិក រួមមាន សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់គេង ផ្ទះបាយ និងសម្ភារៈការិយាល័យ។


នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២១នេះ អាមេរិក បានក្លាយជាទីផ្សារដ៏ទាក់ទាញបំផុតរបស់ សម្រាប់ការនាំចេញផលិតផលរបស់វៀតណាម ដែលសម្រេចបាននូវទំហំទឹកប្រាក់ជាង ៣០ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅ ៥០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


សូមជម្រាបដែរថា បើទោះបីជាកំណើននៃការនាំចេញរបស់វៀតណាម ទៅកាន់អាមេរិក សម្រេចបានជាង ៥០% ក៏ដោយ ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដែលមានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024