ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធស្រូវអង្ករកម្ពុជាគាំទ្របំណងរដ្ឋាភិបាលជំរុញបង្កើនកូតាមនាំចេញអង្ករទៅចិនឲ្យកើនដល់៥០ម៉ឺនតោន

០៧ មេសា ២០២១ | សេដ្ឋកិច្ច

 

ប្រទេសកម្ពុជាបានស្នើសុំឱ្យប្រទេសចិនបង្កើនកូតាលើការនាំចូលអង្ករពីប្រទេសកម្ពុជាដល់ចំនួន ៥០ម៉ឺនតោនពោលគឺកើនឡើងចំនួន ១០ម៉ឺនតោននៃកូតាបច្ចុប្បន្ន។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម ការចរចាលើបញ្ហានេះជាមួយភាគីចិននឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។


ជុំវិញនឹងការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មនេះ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា លោកពិតជាមានការគាំទ្រជាខ្លាំងក្នុងដំណើរកិច្ចចរចារបន្ថែមកូតានាំចេញអង្ករទៅទីផ្សារប្រទេសចិននាពេលនេះ ហើយសង្ឃឹមថា កម្ពុជានឹងអាចសម្រេចបានកិច្ចចរចារនេះ ព្រោះបច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងវិបត្តិមួយធ្ងន់ធ្ងរចំពោះការដឹកជញ្ជូន ដោយសាតែកង្វះកុងទ័រនឺ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ ពិសេសគឺការដឹកជញ្ជូនទៅតាមផ្លូវឆ្ងាយដូចជាទៅសហគមន៍អឺរ៉ុបជាដើម។


លោកឧកញ៉ា បញ្ជាក់ថា ទីផ្សារចិនគឺជាទីផ្សារមួយល្អ ដែលគិតថា នឹងអាចជួយដោះចេញបានពីបញ្ហាវិបត្តិនេះ។ លោកថា ការដឹកជញ្ជូនទៅកាន់ទីផ្សារចិននាពេលនេះមិនសូវជាជួបបញ្ហារាំងស្ទះដោយខ្វះទូកុងទ័រនឺ ឬកបាល់ដឹកជញ្ជូននោះឡើយ ដូច្នេះការចាប់យកបន្ថែមជំរុញការនាំចេញអង្ករទៅចិននឹងអាចសម្រេចបានជោគជ័យ ដោយវាក៏នឹងជំនួសឲ្យកំណើននៃការនាំចេញទៅសហគមន៍អឺរ៉ុប ខណៈការដឹកជញ្ជូនទៅទីនោះជួបបញ្ហាខ្លាំងជាងគេគឺកង្វះកុងទ័រនឺ កប៉ាលដឹក និងតម្លៃដឹកជញ្ជូនខ្ពស់។


លោកឧកញ៉ា បន្ថែមឲ្យដឹងទៀតថា កម្ពុជាជាប្រទេសមួយដែលតែងតែមានគោលការណ៍ល្អជាមួយប្រទេសចិន ដូច្នេះសង្ឃឹមថាកម្ពុជានឹងអាចសម្រេចជោគជ័យបានចំពោះកិច្ចចរចារមួយនេះ។

 


លោកឧកញ៉ា សុង សារ៉ន បានលើកឡើងទៀតថា ក្នុងករណីកម្ពុជាទាញយកការនាំចេញអង្ករទៅទីផ្សារប្រទេសចិនបានកើនឡើងអាចនិយាយបានថា នឹងអាចទូទាត់គ្នាបានសម្រាប់ការធ្លាក់ចុះចំពោះការនាំចេញអង្ករទៅសហគមន៍អឺរ៉ុបបាន ដូច្នេះស្ថិតក្នុងកាលៈទេសៈនេះកម្ពុជាត្រូវទាមទារធ្វើយ៉ាងណាឲ្យចិនទិញអង្ករពីកម្ពុជាឲ្យលើសពីកូតានាំចេញដែលមានសព្វថ្ងៃនេះ ក្នុងវង្វង់៣០ ម៉ឺនតោន និងប្រសិនបើកម្ពុជាអាចបង្កើនការនាំចេញអង្ករទៅចិនបានចន្លោះពី ៣៥ ម៉ឺន ទៅ៥០ ម៉ឺនតោនបាន នោះនឹងធ្វើឲ្យបរិមាណនៃការនាំចេញអង្ករកម្ពុជារក្សាលំនឹងបានដដែល ឬកើនឡើងដល់៨០ ម៉ឺនតោន ខណៈបញ្ហាដឹកជញ្ជូនមួយត្រូវបានដោះស្រាយឲ្យមានភាពល្អប្រសើរបានសម្រាប់ត្រីមាសទី២នេះ។

 


លោកឧកញ៉ាឲ្យដឹងទៀតថា កម្ពុជាយើងមិនបញ្ហាចោទចំពោះការផលិតស្រូវនោះឡើយ ខណៈផលិតកម្មស្រូវកម្ពុជាពេលនេះមានការកើនឡើង រួមទាំងទិន្នផលស្រូវក៏ល្អផងនោះ។ ប៉ុន្តែយ៉ាងណាក៏សូមស្នើឲ្យរដ្ឋាភិបាលគួរតែពិចារណាផងថា នៅពេលដែលកម្ពុជាទទួលបានចំនួនកូតានំាចេញអង្ករទៅចិនមានការកើនឡើង គួរតែរៀបចំឲ្យមានផែនការនៃការដឹកជញ្ជូន និងការបញ្ជារទិញមានភាពច្បាស់លាស់ជាងមុន ខណៈផែនការលម្អិតនាឆ្នាំកន្លងមកមិនធ្លាប់មាននោះឡើយ។

 


តួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្ករក្នុងរយៈពេល៣ ខែដំបូងដើមឆ្នាំ ២០២១ នេះ សម្រេចបានជាង ១៥ម៉ឺន ៣ពាន់តោន ស្នើនឹងទឹកប្រាក់ជិត ១១០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានការថយចុះជាង ៧ម៉ឺន៧ពាន់តោន។

 


ក្នុងត្រីមាសទី១ នេះដែរ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨ម៉ឺន៥ពាន់៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១ ម៉ឺន៦ពាន់តោន និងប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួនជាង ១ម៉ឺនតោន។

 


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអះអាងបន្តថា ត្រីមាសទី១ឆ្នាំ ២០២១ នេះគឺជាឆ្នាំដែលមានការនាំចេញទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដោយសារតែបញ្ហាជា ចម្បងកង្វះកុងតឺន័រសម្រាប់ការនាំចេញអង្ករហើយថ្លៃដើមដឹកទំនិញបានកើនឡើងខ្ពស់ជាង ៥ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃរយៈពេល ៥ ឆ្នាំចុងក្រោយ៕
 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024