ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិន ដាក់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចលើស ៦% ក្នុងឆ្នាំ ២០២១នេះ

០៥ មីនា ២០២១ | សេដ្ឋកិច្ច



លោក លី កឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងនៅក្នុងសមាជប្រជាជនជាតិចិន ឲ្យបានដឹងថា ប្រទេសចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច លើសពី ៦% ក្នុងឆ្នាំ ២០២១នេះ ខណៈសេដ្ឋកិច្ចវិទូជាច្រើនរូប ព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងកើនឡើងលើសពី ៨% ទៅទៀតក្នុងឆ្នាំនេះ ដោយសារតែកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ ២០២០កន្លងទៅ ស្ថិតក្នុងកម្រិតមួយទាប ដោយសាររងផលប៉ះពាល់ពី វិបត្តិមេរោគកូវីដ១៩។

 


លើសពីនេះ ស្ថាប័នអន្តរជាតិ IMF ក៏បានព្យាករណ៍កាលពីដើមខែមករា ឆ្នាំ ២០២១នេះដែរថា សេដ្ឋកិច្ចចិន អាចកើនលើស ៨% ទៅទៀត។
លោក លី កឺឈាង បន្ថែមថា ការកំណត់គោលដៅលើស ៦% ក្នុងឆ្នាំនេះ នឹងជម្រុញឲ្យពួកយើង អាចលះបង់ថាមពលទាំងអស់ ដើម្បីបង្កើតកំណែទម្រង់ ភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។

 


រដ្ឋាភិបាលចិន ក៏បានដាក់គោលដៅបង្កើតការងារថ្មី ១១លានកន្លែងក្នុងឆ្នាំ ២០២១នេះ ខណៈកាលពីឆ្នាំ ២០២០កន្លងទៅ គោលដៅកំណត់ត្រឹមតែ ៩លានកន្លែងប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង បានបង្កើតការងារដល់ទៅ ១១លាន ៨សែនកន្លែង លើសផែនការដល់ទៅ ១៣១%។

 

គួររម្លឹកដែរថា ក្នុងឆ្នាំ ២០២០កន្លងទៅនេះ កំណើនសេដ្ឋកិច្ចប្រទេសចិន សម្រេចបាន ២,៣% ហើយក្លាយជា សេដ្ឋកិច្ចកំពូលមួយ ដែលអាចសម្រេចបាននូវកំណើនវិជ្ជមាន អំឡុងពេលដ៏លំបាកនៃ ការរីករាលដាលនៃមេរោគកូវីដ១៩នេះ ក្នុងនោះសេដ្ឋកិច្ចរបស់ប្រទេសចិន មានទំហំដល់ទៅ ១៥,៤ទ្រីលានដុល្លារអាមេរិក ដែលជាសេដ្ឋកិច្ចដ៏សំខាន់មួយរបស់សកលលោក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024