ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិនអំពាវនាវស្តារទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកឡើងវិញ

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

អង្គទូតជាន់ខ្ពស់របស់ប្រទេសចិន លោកវ៉ាង យ៉ី(Wang Yi) នៅថ្ងៃច័ន្ទនេះបានថ្លែងថា សហរដ្ឋអាមេរិក និងប្រទេសចិនគួរធ្វើការរួមគ្នាលើបញ្ហាជាច្រើនដូចជាបំរែបំរួលអាកាសធាតុ និងបញ្ហាជំងឺឆ្លងរាលដាលកូវីដ១៩ ប្រសិនបើប្រទេសទាំងពីរជួសជុលឡើងវិញនូវទំនាក់ទំនងទ្វេរភាគីរបស់ប្រទេសទាំងពីរដែលរងការខូចខាត។ 

 

 

 

 

 

 

លោកវ៉ាងដែលជាក្រុមប្រឹក្សារដ្ឋនិងជាមន្ត្រីការបរទេសរបស់ប្រទេសចិនផងនោះ បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំងរួចរាល់ជាស្រេចក្នុងការបើកការពិភាក្សាដែលមានលក្ខណៈស្ថាបនាឡើងវិញជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ កាលពីសហរដ្ឋអាមេរិកស្ថិតនៅក្រោមរដ្ឋបានអតីតប្រធានាធិបតីអាមេរិកលោកដូណលត្រាំ។

 

 

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អោយដកពន្ធគយលើទំនិញរបស់ប្រទេសចិន ហើយបោះបង់ចោលចំពោះអ្វីដែលលោកវ៉ាងបាននិយាយថា ជាការល្មើសមិនសមហេតុផលទៅលើវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។ 

 

 

លោកវ៉ាងបានជម្រុញអោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គោរពប្រយោជន៍ស្នូលរបស់ប្រទេសចិន និងបញ្ឈប់ការលាបពណ៌លើគណបក្សកំម្មុយនីស្តចិន ហើយបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង រួមនិងបញ្ឈប់ពាក់ព័ន្ធនឹងកងកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យកោះតៃវ៉ាន់។ 

 

 

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានប៉ះទង្គិចទៅលើបញ្ហាជាច្រើនរួមមានពាណិជ្ជកម្ម ការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្មសិទ្ធិមនុស្សប្រឆាំងនឹងពលរដ្ឋម៉ូស្លីមអ៊ុយហ្គ័រនៅតំបន់ស៊ីនជៀង និងការអះអាងពីទឹកដីគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលជាដែនទឹកពោរពេញទៅដោយធនធាន។

 

យ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកថ្មីលោកចូបៃឌិន បានបង្ហាញថា រដ្ឋបាលថ្មីនឹងរក្សាសម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំង។ លោកបៃឌិនបានបង្ហាញពីកង្វល់អំពីការអនុវត្តន៍ពាណិជ្ជកម្មបែបបង្ខិតបង្ខំ និងអយុត្តិធម៌ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024