ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ភាពយន្តស្ដីពីការអភិរក្សសត្វចំនួន៣របស់សិស្ស ផ្នែក ផលិត ភាពយន្តនៅបុប្ផាណា  យកទៅបញ្ចាំងឲ្យជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីទស្សនា

១៨ កុម្ភៈ ២០២១ | កម្សាន្ដ

ភាពយន្តឯកសារស្តីពីការអភិរក្សសត្វដំរី ចំណេះដឹងផ្នែកបរិស្ថាន និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចចំនួន៣រឿង របស់សិស្ស ផ្នែក ផលិត ភាពយន្តនៅបុប្ផាណា  ត្រូវបានយកទៅចាក់បញ្ចាំងឲ្យជនជាតិដើមភាគតិចបានទស្សនាដល់ទឹកដីខេត្តមណ្ឌលគិរី។

 


មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រួមទាំងសិស្ស ផ្នែក ផលិត ភាពយន្ត នៅ បុប្ផាណាជំនាន់ទី៥ កាលពីពេលថ្មីៗនេះ បាននាំយកភាពយន្តឯកសារទាំងបី ដែលជាការផលិតផ្ទាល់របស់សិស្ស ផ្នែក ផលិត ភាពយន្ត នៅ បុប្ផាណា ចំណងជើង “ជម្រកខ្ញុំ” “ដានស្រអាប់” និងរឿង “មរតក” បានយកទៅចាក់បញ្ចាំងជូនបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី បានទស្សនា។

 

 

ភាពយន្តឯកសារទាំងបីនេះស្ថិតក្រោមគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធរបស់ជនជាតិដើមភាគតិចនៅកម្ពុជា: ការផ្តោតការយកចិត្តទុកដាក់លើបរិស្ថានតាមរយៈការផលិតភាពយន្តដោយយុវជន” ផ្តោតសំខាន់ទៅលើការការពារបរិស្ថាន ការអភិរក្សសត្វដំរី ការការពារព្រៃឈើដែលជាជម្រកធម្មជាតិរបស់សត្វព្រៃ ព្រមទាំងការថែរក្សានូវវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជា។ 

 


គម្រោងនេះបានលើកទឹកចិត្ត ព្រមទាំងគាំទ្រដល់យុវជនក្នុងការបង្កើតខ្សែភាពយន្តដែលនាំមកនូវចំណេះដឹងអំពីការអភិរក្ស និងជីវភាពរបស់ប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិច។

 

 

ភាពយន្តឯកសារទាំង៣ខាងលើ ត្រូវផលិតឡើងតាមតថភាពពិត ដែលបង្ហាញពីការអភិរក្សគំរូទៅលើសត្វដំរី ចំណេះដឹងផ្នែកបរិស្ថាន និងវប្បធម៌របស់ប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី។

 


បងប្អូនជនជាតិដើមភាគតិចព្នង នៅភូមិពូត្រុំ ក្នុងខេត្តមណ្ឌលគិរី ប្រមាណ២០០នាក់ រួមទាំងតួអង្គនៃភាពយន្តឯកសារទាំង៣ ត្រូវបានអញ្ជើញមកទស្សនាភាពយន្តឯកសារនេះដោយផ្ទាល់ នៅបរិវេណសាលារៀនក្នុងភូមិនេះ។

 


បងប្អូនជនជាតិដើមភាគតិចព្នងជាច្រើននាក់ បានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នាក្រោយបានទស្សនាភាពយន្តឯកសារទាំងនេះ។ អ្នកខ្លះបានសរសើរ ខ្លះបានបង្ហាញពីក្តីកង្វល់របស់ខ្លួនចំពោះបញ្ហាដែលបានកំពុងកើតឡើង ថែមទាំងស្នើសុំឲ្យផ្នែកពាក់ព័ន្ធចូលរួមជួយលើបញ្ហាទាំងនេះទៀតផង។

 


លើសពីនេះ គេឃើញប្អូនៗកុមារា កុមារី ជាច្រើននាក់បានបង្ហាញភាពក្លាហាន តាមរយៈការឆ្លើយសំនួរពាក់ព័ន្ធភាពយន្តឯកសារទាំង៣ទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា ភាពយន្តឯកសារដែលសិស្ស ផ្នែក ផលិត ភាពយន្ត នៅ បុប្ផាណា បានផលិតឡើង បានបញ្ជ្រាបការយល់ដឹងច្រើនដល់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅតំបន់ដាច់ស្រយាលនេះ។

 


គួររំលឹកថា ក្រោមការផ្ដល់មូលនិធិពី Arts and Humanities Research Council និងកិច្ចសហការរវាងសាកលវិទ្យាល័យ Bath, សាកលវិទ្យាល័យ Queen’s University Belfast, សាកលវិទ្យាល័យ Leeds, មជ្ឈមណ្ឌលបុប្ផាណា និងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្ដួចផ្ដើម និងបរិស្ថាន (ELIE) គម្រោងនេះបានជ្រើសរើសយុវជនចំនួន១២នាក់ និងបានបណ្តុះបណ្តាលពួកគេអំពីវិធីសាស្ត្រនៃការផលិតភាពយន្តដោយចុះទៅសិក្សានៅមូលដ្ឋានដោយផ្ទាល់។

 

 

ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមផ្នែកផលិតភាពយន្តទាំង១២នាក់ ត្រូវចាប់ជាក្រុមដើម្បីផលិតវីដេអូឯកសារលើប្រធានបទអំពីការអភិរក្សសត្វដំរី ចំណេះដឹងផ្នែកបរិស្ថាន និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច។ បន្ថែមពីលើនេះ សិក្ខាកាមទាំង១២រូប ក៏ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តផងដែរ។

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024