ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បុប្ផាភូមិភាគឦសាននឹងមកបង្ហាញទេពកោសល្យពិសេសនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន

២០ ​វិច្ឆិកា ២០២០ | កម្សាន្ដ

ក្មេងស្រី ដែលកំពុងតែឆក់យកបេះដូងមហាជន ឲ្យចាប់អារម្មណ៍ទៅលើនាងយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្មីៗកន្លងទៅនេះ នៅពេលនេះ ប្អូនស្រី នឹងត្រៀមខ្លួនជាស្រេចក្នុងការនាំ​យកនូវទេពកោសល្យរបស់ខ្លួន បង្ហាញជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

យ៉ង់ ស្រីនីត ក្មេងស្រីដែលទើបតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេស្គាល់ពីទេពកោសល្យ នៃទឹកដមសម្លេងដ៏ពីរោះ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ នឹងមកប្រកួតប្រជែងដណ្តើមយកជ័យលាភីលើសមត្ថភាពរបស់ខ្លួន។

 


ស្រីនីត ជាសិស្សរៀនថ្នាក់ទី ០៥  នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។

 

ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយ​ជាគ្រូបង្រៀន និងជាអ្នកចម្រៀង។

 

 

 

 

គួបផ្សំនឹងទេពកោសល្យ ចេះច្រៀងតាំងពីកំណើត និងឱកាសដែលនាងត្រូវបានគេថតរូបផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកនោះ ស្រីនីតត្រូវបានគេស្គាល់ច្រើន និងជួយឧបត្ថម្​ភពីសំណាក់សប្បុរសធម៌ជាច្រើន។

 

ជាមួយគ្នានេះដែរ ស្រីនីត នឹងត្រូវបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្អូនស្រីបាននាំយកនូវទេពកោសល្យយ៉ាងប៉ិនប្រសប់មកបង្ហាញជូនទស្សនិកជនផងដែរ។

 

 

 

 

ជាមួយនឹងទឹកមុខស្នាមញញឹម និងរីករាយដែលនាងបានត្រៀមខ្លួនចូលបង្ហាញសមត្ថភាព ក៏ដូចជាទេពកោសល្យចម្រៀងនេះ ស្រីនីតបានរៀបរាប់បន្ថែមថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានផ្តល់ឱកាសដល់នាង ដើម្បីនាងអាចប្រកួតយកជ័យលាភី ដើម្បីយកទៅផ្គត់ផ្គង់លើការសិក្សា និងគ្រួសារដែលកំពុងតែជួបប្រទះបញ្ហាខ្វះខាត។

 

សម្រាប់ទេពកោសល្យ ដែលប្អូនស្រីនឹងលើកយកមកបង្ហាញនៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង គឺការបង្ហើរនូវសម្លេងដ៏ពីរោះ និងគួរឲ្យស្រឡាញ់ នូវកម្រងបទចម្រៀង មានទាំងបទពីសម័យដើម និងបទសម័យបច្ចុប្បន្ន។ 

 


ដើម្បីចង់ដឹងថា តើប្អូនស្រី ស្រីនីត នឹងបង្ហាញទេពកោសល្យនៃការច្រៀងរបស់ប្អូន បានល្អ យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ ព្រឹក៕


 

 

ដោយ៖ សិរីរដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024